ខេត្តឧត្តរមានជ័យ ៖ ១៧នាក់រត់រួច និងមាន២នាក់បានរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងទាហាន ថៃបាញ់ បន្ទាប់ពីពួកគេលួចចូលទៅកាប់ឈើនៅចំណុចទល់មុខបង្គោលសីម៉ាលេខ៧ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។
អាជ្ញាធរកម្ពុជាបានឲ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះ អឿន កំសាន ប្រុស អាយុ២៧ឆ្នាំ ជាទាហានសឹករងអន្លង់វែង នៅអង្គភាព ខ១ គ៧ រងរបួសដៃស្តាំ (រត់រួចក្នុងថ្ងៃកើតហេតុ) ។ បច្ចុប្បន្នកំពុង សម្រាកព្យាបាលក្នុងបន្ទាយគ៧, ទី២-ឈ្មោះ ហន់ ដានិត ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវរបួសជើងខាងស្តាំពីរកន្លែង (បាញ់ត្រូវលើក្បាលជង្គង់មួយគ្រាប់ និងក្រោមក្បាលជង្គង់មួយគ្រាប់) ជាប្រជាពលរដ្ឋ រស់ភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង (បាត់ខ្លួននៅកន្លែងកើតហេតុ)។ លុះមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ ប្រជាពលរដ្ឋថៃមករកផ្សិតបានប្រទះឃើញជនរងគ្រោះនៅក្នុងព្រៃ ហើយបានមកប្រាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាសែងចុះពីលើភ្នំ ។
បច្ចុប្បន្នជនរងគ្រោះបញ្ជូនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕ ដោយ ៖ ជាយក្រុង