ខេត្តកណ្ដាល ៖ រថយន្តកុងតឺន័រប្រភេទសណ្តោងរ៉ឺម៉ក ក្នុងទិសដៅពីភ្នំពេញទៅកំពង់សោមបានបុកនិងកិនបុរសថ្មើរជើងម្នាក់ បណ្តាលឲ្យធ្លាយខួរស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី២៣ ខែមិថិនា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៩.៣០ ស្ថិតក្នុងភូមិព្រៃ ក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទកុងតឺន័រសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ3 2398 ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីកើតហេតុរត់គេចខ្លួនបាត់ ។ រថយន្តកុងតឺន័រនេះបើកក្នុងទិសពីកើតទៅ លិច (ភ្នំពេញ- កំពង់សោម) ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបាន ជ្រុលបុកនិងកិនអ្នកថ្មើរជើងម្នាក់ ឈ្មោះ ព្រាប ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។ ស្នាក់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានមុខរបរ រត់ម៉ូតូឌុប បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុខាងជំនាញចរាចរណ៍បានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមច្បាប់ ។ ដោយឡែកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ករណីនេះសមត្ថកិច្ចសន្ឋិដ្ឋានថា បណ្តាលមកអ្នកថ្មើរជើងដើរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ណា មួយអ្នកបើកបររថយន្តកុងតឺន័រ បើកក្នុងល្បឿនលឿន ៕ ដោយ ៖ ស្អាងជ័យ