ខេត្តកណ្តាលៈ មុខសញ្ញាលួចដ៏សកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបង្រ្កាបចាប់ខ្លួន គ្រាដែលមុខសញ្ញាជាចោររូបនេះជីកកាយដីចូលទៅសមងំក្រោមគ្រែ ក្នុងតូបលក់ដូរមួយកន្លែង ក្នុងគោលបំណងលួចអីវ៉ាន់ កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងតូបលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ ឈន ដន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកឯជនរងគ្រោះជាម្ចាស់តូបលក់ដូរនោះឈ្មោះ សុខ គង្គា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានចាក់សោរតូបចោលរួចចេញទៅក្រៅបាត់ ។ ពេលត្រឡប់មកវិញចាក់សោរចូលទៅក្នុងតូបក៏បានប្រទះឃើញជនសង្ស័យកំពុងសំងំនៅក្រោមគ្រែ ទើបជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ឈន ដន បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ រូបគេបានដើរចេញពីផ្ទះក្នុងគោលបំណងដើរលួច លុះដើរដល់ចំណុចកើតហេតុឃើញតូបលក់ដូររបស់ជនរងគ្រោះចាក់សោរពីខាងក្រៅ ក៏សម្រេចចិត្តធ្វើសកម្មភាពកាច់ក្តាមួយសន្លឹក យកទៅជីកកកាយដីលូនចូលទៅក្នុងតូបសំងំនៅក្រោមគ្រែ រងចាំធ្វើសកម្មភាពលួច ខណៈនោះស្រាប់តែជនរងគ្រោះជាម្ចាស់តូបមកទាន់ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចនគរបាលចាប់ខ្លួនរូបគេ។
ជនសង្ស័យបានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចនៅក្នុងភូមិសាស្ត្រឃុំព្រែកអំពិល ស្រុកខ្សាច់ កណ្ដាល បានសម្រេចចំនួន៧លើករួមមាន៖ លួចម៉ូតូ០១លើក ,លួចមាន់០២លើក ,លួចសម្លៀកបំពាក់០២លើក ,លួចលុយ០១លើក និងលួចកង់ចំនួន០១លើក ៕ ស្អាងជ័យ