ភ្នំពេញ៖ ចំណងស្នេហារបស់តារាសម្តែង ផែ សុផាន់ណា និងសាសា ខេត ដែលមានត្រឹមការដឹងលឺពីចាស់ទុំទាំងសងខាងនោះគឺទទួលបានចំណងដៃកូនប្រុសម្នាក់ហើយ។ ពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧នេះដោយនឹងមានវត្តមានភ្ញៀវជាអ្នកសិល្បៈមួយចំនួនចូលរួម។
តារាសម្តែងលោកផែសុផាន់ណាដែលមានវ័យ២៨ឆ្នាំបានស្គាល់ភរិយារយៈពេលជាង៤ឆ្នាំមកហើយគ្រាដែលលោកបានទៅចូលរួមពិធីសម្ពោធខ្សែភាពយន្តខ្មែរដែលលោកបានសម្តែងហើយបានស្គាល់សាសាខេតតាមរយៈការសម្តែងរួមគ្នា។ក្រោយស្គាល់គ្នាបានមួយឆ្នាំក្រោយបានដាច់ចិត្តសុំស្រឡាញ់គ្នាគ្រាដែលមានការដឹងលឺពីចាស់ទុំសងខាង។កញ្ញាសាសាខេតដែលមានឈ្មោះដើមថាលីស៊ីម៉ាមានអាយុ២៣ឆ្នាំជាតារាសម្តែងពួកគេក៏មានគម្រោងបើកមុខជំនួញរួមគ្នាផងដែរនៅពេលរៀបការចប់។
នេះបើតាមការបញ្ជាក់របស់ផែ សុផាន់ណា។ លោកថា មិនយឺតពេលទេដែលខែតុលានេះពួកយើងរៀបការជាមួយគ្នា ទោះបីជាពួកយើងមានកូនមួយទៅហើយក្តី។ លោកថា ដំណក់ឈាមរួមគ្នាជាកូនប្រុសនេះមានវ័យជាង៣ខែហើយ ហើយឈ្មោះគាត់គឺ ភី មេឃហៅ តៃតៃ។
លោកថា លោក និងភរិយានឹងរៀបការតាមទំនៀមទម្លាប់ខ្មែរ ដោយគ្រោងនឹងអញ្ជើញភ្ញៀវប្រមាណពី៤០០ទៅ៥០០នាក់ ដោយមានទាំងវត្តមានអ្នកសិល្បៈផងដែរ។ លោកថា មង្គលការនេះនឹងធ្វើឡើងនៅភោជនីយដ្ឋានមួយនាតំបន់ឬស្សីកែវ ៕ វឌ្ឍនា