​ ​ការហោះហើរ របស់Emirate ​ពី​កម្ពុជា ​ឌូបៃ នឹងជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុនយន្តហោះលំដាប់លើពិភពលោក Emirate Airline បានបើកសម្ពោធជើងហោះហើរត្រង់ ដោយ ដឹកជញ្ជូនអ្នកធ្វើដំណើរត្រង់រវាងក្រុងឌូបៃ ឆ្លងកាត់ទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា និងមុនហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ។ ការហោះហើរត្រង់នេះត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជាកាន់តែខ្លាំងឡើង។

ក្រុមហ៊ុនអាកាសចរអេមីរ៉ាត ដែលត្រូវបានវាយតម្លៃថា ជាក្រុមហ៊ុនអាកាសចរ ល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៧ ដោយ TripAdvisor បានពង្រីកវត្តមានរបស់ខ្លួន ប្រកបដោយជំនឿចិត្តខ្ពស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការបើកដំណើរការសេវាហោះហើរ ជាប្រចាំរបស់ខ្លួនពីទីក្រុងឌូបៃ មកកាន់ទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជា ណាចក្រកម្ពុជា ដោយចុះសំចតម្ដង នៅទីក្រុងយុំាហ្គោន នៃប្រទេសមីយ៉ានម៉ា។

លោក Badr Abbas អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិពាណិជ្ជកម្ម ចុងបូព៌ារបស់ក្រុមហ៊ុនអេមីរ៉ាត នៅក្នុងសន្និសិទ្ធកាសែតមួយ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នេះ។ លោក Abbas បានឲ្យដឹងទៀតថា មូលហេតុដែល ក្រុមហ៊ុនអាកាសចរអេមីរ៉ាត មានជំនឿចិត្តបែបនេះ ក៏ដោយសារតែ កម្ពុជាជាប្រទេសមួយក្នុងចង្កោមប្រទេស ដែលរីកលូតលាស់លឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រាជធានីភ្នំពេញ គឺជាទីក្រុងដ៏ធំក្នុងប្រទេស និងជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ដែរចូលរួមចំណែកយ៉ាងធំធេង ចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ស្របពេលដែលមានការកើនឡើង គួរឲ្យកត់សម្គាល់នៃចំនួនទេសចរ ប្រទេសកម្ពុជាគឺជាច្រកចូលទៅកាន់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដ៏ល្បីល្បាញនៅលើកពិភពលោក ដ៏កម្ររបស់អាស៊ី។ លោក Eric Delobel អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរអន្តរជាតិភ្នំពេញ បានសម្ដែងនូវក្តីរីករាយថា៖ ”យន្តហោះរបស់ក្រុមហ៊ុនអេមីរ៉ាត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននាំមកនូវឱកាសជាច្រើនមហិមារតាមរយៈ ការតភ្ជាប់ព្រលានយន្តហោះ និងជាកិត្តិយសនៃប្រទេសកម្ពុជា។ វាក៏ជាស្នាដៃនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរអេមី រ៉ាត និងអាកាសយានដ្ឋានកម្ពុជា រួមជាមួយអាកាសចរស៊ីវិលកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ”។

​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ការភ្ជាប់ជើងហោះហើរនេះធ្វើឲ្យកម្ពុជាចំណេញច្រើន ដែលការហោះហើរនេះ បានចុះចតនៅភូមា មុនឆ្ពោះមកកាន់កម្ពុជា ដែលជាឱកាសធ្វើឲ្យអ្នកធ្វើដំណើរ កាន់តែមានភាពងាយស្រួលធ្វើដំណើរមកកាន់កម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍នេះ បានសិក្សាច្បាស់លាស់ណាស់ទើបភ្ជាប់ការហោះហើរត្រង់មកកម្ពុជា។ លោក បន្តថា យើងសង្ឃឹមថាភ្ញៀវមកពីឌូបៃ ភ្ញៀវ អឺរ៉ុប និងភ្ញៀវភូមាមកកម្ពុជាច្រើន ព្រោះនៅឌូបៃ មានភ្ញៀវទេសចរណ៍អឺរ៉ុបច្រើនផងដែរ។

លោក ម៉ៅ ហាវាណាល់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែងថាចំនួនអ្នកដំណើរឆ្លងកាត់អាកាសយាន្តដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាក្នុងអំឡុងពេល ៥ខែឆ្នាំ ២០១៧នេះ មានប្រមាណជិត ៣,៥លាននាក់ គឺមានអត្រាកំណើនជាមធ្យម ២២ភាគរយ និង ទំនិញ Cargo ២៥ពាន់តោន ដោយមានអត្រាកំណើនជាមធ្យម ៤០ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ លោករំពឹងថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយាន្តដ្ឋានកម្ពុជានឹងកើនឡើងដល់ជាង ៧ លាននាក់នៅឆ្នាំនេះ ស្របពេលកម្ពុជាមានជើងហោះហើរកាន់តែច្រើន ជាពិសេសការតភ្ជាប់ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់ទីក្រុងភ្នំពេញ។

គួររំលឹកផងដែរថា យន្តហោះខ្នាតយក្សធុន Boeing ៧៧៧ របស់ក្រុមហ៊ុនអាកាសចរអេមីរ៉ាត បានចុះចតដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។អេមីរ៉ាតហោះហើរទៅកាន់ ទិសដៅជាង៣៥ទីតាំងនៅអឺរ៉ុប ពីមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងទីក្រុងឌូបៃ រួមបញ្ចូលទាំងគោលដៅពេញនិយម ជាច្រើនផ្សេងទៀត ៕ វ​ឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print