ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីធ្លាប់ហាមឃាត់រាល់ការសាងសង់សំណង់ផ្សេងៗកៀកក្បែរ ឬពីក្រោមខ្សែបណ្តាញអគ្គិសនីយ៍ ឬបង្គោលភ្លើងដោយឱ្យទុកគម្លាតយ៉ាងតិច១០ទៅ១៥ម៉ែត្រ ជាប្រយោជន៍ជៀស វាងខ្លាចមានគ្រោះថ្នាក់ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនបានឃុបឃិតគ្នាត្រូវដងត្រូវផ្លែគ្នា សាងសង់នូវសំណង់ផ្សេងៗរំលោភចូលដែនហាមឃាត់ដដែល បង្កឱ្យមានហានីភ័យខ្ពស់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ហើយពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ។
ជាក់ស្តែងមានស្ថានីយ៍ប្រេងតេលាមួយកន្លែងដែលគេស្គាល់ជារបស់ឈ្មោះ ចាន់ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ កែងផ្លូវសម្តេចជាសុីម ម្តុំផ្សារព្រែកខ្វិត ភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានសាងសង់ជាប់បង្គោលភ្លើងនិងក្រោមខ្សែភ្លើងតែម្តង ដែលស្ថានីយ៍ប្រេងមួយនេះតាមមន្ត្រីសាលាខណ្ឌជ្រោយចង្វាអះអាងថា គឺសាងសង់អត់ច្បាប់តែម្តង ពោលគឺគេបានឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនលួចលាក់សាងសង់បានយ៉ាងរលូនរហូតហើយរួចរាល់ដំណើរការលក់ដូរបានជាង២ឆ្នាំមកហើយ ។
អ្វីដែលប្រជាពលរដ្ឋនៅម្តុំផ្សារព្រែកខ្វិតព្រួយបារម្ភខ្លាំងនោះកាលពីវេលាព្រលប់ម៉ោងជាង៧ថ្ងៃទី២ខែ កក្កដាឆ្នាំ២០១៧ បង្គោលភ្លើងដែលនៅជាប់ស្ថានីយ៍ប្រេហនោះបានទុស្សេខែ្សភ្លើងឆេះសន្ធោសន្ធៅឡើងបណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋភ័យស្លន់ស្លោរត់ជាន់ជើងគ្នារួមទាំងកម្មករចាក់សាំងនិងម្ចាស់ការ៉ាសសាំងផងដែរ រួចហៅរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងមកបាញ់ ទឹកនិងបិទបារ៉ែតមេ រយះពេលជិត១ម៉ោងទើបរលត់ ។
ប្រជាពលរដ្ឋបាននិយាយថា គេមិនដែលឃើញអ្នកណាធ្វើស្ថានីយ៍សាំងនៅជាប់បង្គោលភ្លើងដូច្នេះទេ ព្រោះគេខ្លាចមានហេតុការដូចនេះ កើតឡើង ហើយពួកយើងប៊ិះនឹងរងគ្រោះរលាយហិនហោចទាំងអស់គ្នាដោយសារតែការ៉ាសសាំងមួយនេះ ។ ដូច្នេះពួកគាត់សំណូមពរទៅអាជ្ញាធរក្រសួងមន្ទីរក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ័ ជាពិសេសអាជ្ញាធរអគ្គិសនីយ៍កម្ពុជា មេត្តាជួយមើលការ៉ាសសាំងរបស់ឈ្មោះចាន់នេះផង ៕ ជ្រោយពេជ្រ
...