ភ្នំពេញៈ នគរបាលទូទាំងប្រទេសចាប់ពីពេលនេះតទៅ នឹងចាត់វិធានការក្ដៅទៅលើអ្នកល្មើសច្បាប់ចរាចរណ៍ ក្រោយពីណែនាំ អប់រំ និងព្រមានទុកពេលមួយរយៈឲ្យកែទម្លាប់ហើយមិនអនុវត្តតាម ។
លោកឧត្តមសេនីយ៍ឯក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា មុនពេលចាត់ការតាមច្បាប់ចំពោះជនទាំងនោះ សមត្ថកិច្ចសូមព្រមានជាមុន ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ដូចជាការចតយានយន្តបញ្ច្រាសទិស និងអ្នកធ្វើចរាចរណ៍បញ្ច្រាសទិសជាដើម។ដូច្នេះនៅ ពេលឆាប់ៗខាងមុខនេះ សមត្ថកិច្ចនគរបាលនៅទូទាំងប្រទេស និងអនុវត្តន៍ច្បាប់ចរាចរណ៍ព្រមៗគ្នា ដោយចាត់ការទៅលើអ្នកជិះបញ្ច្រាសទិសនិងអ្នកចតយានយន្តខុសទិសចរាចរណ៍។
លោកឧត្តមសេនីយ៍ឯកបន្តថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ លោកនឹងចាត់ឲ្យមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ នៅចំណុចបេនរថយន្តផ្សារដើមគរ រាជធានីភ្នំពេញជាមុនសិនទើបចុះអប់រំនៅបេនរថយន្តផ្សេងទៀត រួចទើបឈានទៅអនុវត្តព្រមគ្នាទូទាំងប្រទេសតែម្តង ខណដែលពេលនេះនគរបាលជំនាញក្រសួងមហាផ្ទៃបានទទួលឧបត្ថម្ភរថយន្តស្ទូចមួយចំនួនពីបរទេស ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលចរាចរសណ្ដាប់ធ្នាប់ បាននឹងកំពុងហាត់សមរបៀប ពិន័យ និងប្រើប្រាស់បច្ចេកទេសរថយន្តស្ទួច សម្រាប់ស្ទូចយករថយន្តល្មើសចេញពីកន្លែងកកស្ទះចរាចរណ៍យកទៅពិន័យ និង ត្រៀមអនុវត្តន៍តាមច្បាប់យ៉ាងតឹងរ៉ឹង ៕ ប្រាថ្នា