ភ្នំពេញ ៖ ឱសថចំនួន២៩មុខ នាំចូលពីប្រទេសថៃ អត់ច្បាប់អនុញ្ញាតិ ទម្ងន់ជាង ៤តោន ត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាប កាលពីវេលាម៉ោង១៥ និង ៣០នាទី រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅ ចំណុចក្នុងបរិវេណ ហ្គ្រែនភ្នំពេញ ផ្ទះលេខ៣២ ភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តការណ៍នេះដឹកនាំបង្ក្រាបដោយលោកឧត្តម សេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន នគរ បាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយមន្ត្រី ការិយាល័យ សុខាភិបាល រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា ដោយមានការស្រាវជ្រាវរយះពេលជាង ១០ថ្ងៃ ទើបកំណត់ ទីតាំងបានពិតប្រាកដ រហូតឈានដល់ការចុះបង្ក្រាបតែម្តង ដកហូត ឪសថ ចំនួន ២៩មុខ ដែលនាំចូលពីប្រទេសថៃ ពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ ។
លោកឧត្តមសេនីយ៍ប្រាប់បន្តថា ម្ចាស់ទីតាំងឈ្មោះ ខូវ សាត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣១ E0 ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែក ឪសថ ចំនួន ២៩មុខ ទម្ងន់ ៤២០០គីឡូក្រាម ស្មើរជាង ៤ តោន ដែលអត់ច្បាប់អនុញ្ញាតិទាំងនោះ ក៏ត្រូវបានដឹកបញ្ជូនយកទៅធ្វើការពិសោធន៍ ដើម្បីបញ្ជាក់ថា ពិត ឬ ក្លែងក្លាយផងដដែរ ៕ តុង សីហា