ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿងម៉ាក់ Lexus RX330 រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់មេឃជិត១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែសំណាងល្អមីនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុបុរសបង្កហេតុបានបើករថយន្តគេចខ្លួនបាត់ស្រមោល ។
ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងនៅម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្បែរទីស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក)តាមបណ្ដោយផ្លូវលេខ៥៥ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសបង្កហេតុមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាបើករថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ។
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX330 ទំនងជាស្រវឹងស្រាជោកជាំ លុះបើករថយន្តមកដល់ត្រង់ចំណុចផ្លូវលេខ៥៥ កែងនិងផ្លូវ២៤២ ទល់មុខក្លឹបកំសាន្ត៥៥ ក៏ដកកាំភ្លើងបាញ់ឡើងលើមេឃជាច្រើនគ្រាប់តែម្តង ហើយក្រោយធ្វើសកម្មភាពបាញ់រួចជនបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោល ។
ដោយឡែកលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់សារព័ត៌មាននគរវត្ត តាមទូរស័ព្ទឲ្យដឹង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះថា ករណីដកកាំភ្លើងបាញ់ឡើងលើមេឃចំនួន៨គ្រាប់ កាលពីយប់មិញ ក្នុងសង្កាត់ចតុមុខ លោក កំពុងត្រួតពិនិត្យស្លាកលេខរថយន្ត ដើម្បីស្វែងរកអត្តសញ្ញាណជនបង្ក ចាត់វិធានការតាមនីតិវិធី ហើយមូលហេតុនៃការបាញ់នេះអាចបណ្ដាលមកពីជនបង្កសង្ស័យស្រវឹងស្រា ។