លិខិតមិត្តអ្នកអាន៖ អាណិតលោកស្នងការខេត្តសៀមរាប

ចែករំលែក៖

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅកណ្តាលក្រុងសៀមរាប ចេះតែឆ្ងល់អំពីបញ្ហានៃការផ្លាស់ប្តូរតំណែង ស្នងការនគរបាលខេត្ត នៅគ្រាដែលប្រជាពលរដ្ឋគ្រប់គ្នាដឹងថា លោកឧត្តមសេនីយ៍ត្រី ហូ វ៉ាន់នី ឡើងមកកាន់តំណែងជាស្នងការខេត្តទើបតែបានរយៈពេល២ខែ ស្រាប់តែត្រូវផ្លាស់ប្តូរទៅវិញ ដោយលើកដំកើងលោកទិត្យ ណារ៉ុង ពីអធិការនគរបាលក្រុងមកជាស្នងការនគរបាលខេត្ត ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ មិនគិតអំពីបញ្ហាខ្សែទុយយោបក្ខពួកអ្វីនោះទេ ប៉ុន្តែ ខ្ញុំបាទយល់ឃើញថា ការតែងតាំងលោក ហូ វ៉ាន់នី គឺធ្វើឡើងក្នុងភាពមិនច្បាស់លាស់ មិនប្រាកដប្រជា ។ ខ្ញុំបាទចង់និយាយថា បើគ្រាន់តែតែងតាំងឲ្យធ្វើជាមេប៉ូលិសខេត្តរយៈពេល២ខែដដែលនោះ ចាំបាច់តែងតាំងនាំខាតពេលវេលា នាំខាតការចំណាយថាមពលកម្លាំងរបស់ថ្នាក់ដឹកនាំ ទៅប្រកាសចុះឡើងៗយ៉ាងនោះធ្វើអី? ភ្លាមៗក្រោយការចូលនិវត្តន៍របស់លោក សត ឌីណា ហេតុអ្វីមិនតែងតាំងលោកទិត្យ ណារ៉ុង ជាស្នងការនគរបាលខេត្តតែម្តងទៅ?

វាមិនមែនត្រឹមតែធ្វើឲ្យលោកហូ វ៉ាន់នី បាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីនគរបាល ឋានៈត្រឹមស្នងការរងខេត្តសៀមរាប ក៏ត្រូវវិលវល់ក្នុងចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្ត និងអគ្គស្នងការនគរបាលជាតិនេះដែរ ។ មិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញមិនយល់ចំពោះចំណាត់ការនេះទេ សូម្បីតែមន្ត្រីនគរបាលក៏មិនយល់ដូចគ្នានេះដែរ ។ ប្រការនេះ វាធ្វើឲ្យមន្ត្រីនគរបាលមានសមត្ថកិច្ចបាក់ទឹកចិត្ត ។ ឬមួយស្នងការរងនគរបាលខេត្តសៀមរាបប៉ុន្មាននាក់គ្មានសមត្ថភាពដឹកនាំការងារប្រហាក់ប្រហែលនឹងលោកទិត្យ ណារ៉ុងនោះទេ?

រឿងនេះ ប្រសិនបើថ្នាក់ដឹកនាំខេត្ត និងអគ្គស្នងការនគរបាលជាតិសម្រេចដាក់លោកទិត្យ ណារ៉ុង ជំនួសលោកសត ឌីណា តែម្តង ពិតជាគ្មាននរណារិះគន់ទេ ប៉ុន្តែនេះទំនងជាមានការសម្រេចណាមួយ ចង់ឲ្យលោក ហូ វ៉ាន់នី មកធ្វើជាស្នងការនគរបាលខេត្តមួយចំអិនកំពិសតែប៉ុណ្ណោះ ។ ប្រការនេះ អាចធ្វើឲ្យលោក ហូ វ៉ាន់នី ក្អួតឈាមក៏ថាបាន ។ ក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំបាទមិនដឹងអំពីចំណាត់ការ ឬនីតិវិធីនៃការតែងតាំងមន្ត្រីដែលជាសមត្ថកិច្ចរបស់អគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរខេត្តនោះឡើយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះយល់ដូចខ្ញុំបាទថា បើតែងតាំងលោក ហូ វ៉ាន់នី តែពីរខែដដែលនោះ ចាំបាច់តែងតាំងធ្វើអី៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print