សារព័ត៌មានរ៉យទ័របានដកស្រងសម្តីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា បាន ប្រកាស កាលពីថ្ងៃទី១១ខែកក្កដាថា គណរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័ត ទិញយន្តហោះ៨គ្រឿង ប្រភេទ T-50 មានតម្លៃ ២៥៨លានដុល្លារអាមេរិក ពីកូរ៉េខាងត្បូង ។
ការសម្រេចទិញយន្តហោះខាងលើគឺជាសកម្មភាព បំពាក់អាវុធ ថ្មីបំផុតដល់កម្លាំងទាហានថៃបន្ទាប់ពីការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤មក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថៃបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ និងបំពាក់អាវុធ ជាច្រើន ទិញពីប្រទេសចិន ក្នុងនោះមាននាវាមុជទឹក ជាដើម។ ក្រសួងការពារជាតិថៃបានបញ្ចាក់ថា ថៃមិនត្រឹមតែតិញអាវុធពីចិននោះឡើយ គឺទិញពីប្រទេសផ្សេងទៀ ក្នុងនោះមានអាមេរិកជាដើម។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បញ្ចាក់ទៅកាន់បណ្តាញព័ត៌មាន បាងកក់ប៉ូស្ត៍ថា គណរដ្ឋមន្ត្រីថៃ បានត្រៀមគម្រោងទិញយន្តហោះ ៨គ្រឿង តាមដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង ឆ្នាំ២០១៥ ពេលនោះថៃបានដាក់ទិញយន្តហោះ៤គ្រឿង ។
កាលពីខែមុន ថៃក៏បានទិញឧទ្ធម្ភាគច័ក្រ ៤គ្រឿងប្រភេទ Black Hawk ពីអាមេរិកផងដែរ បន្ទាប់ពីអាមេរិក ផ្អាកកិច្ចព្រមព្រៀង នោះ ដោយសារតែការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ ទម្លាក់លោកស្រីយីងឡាក់។
ក្នុងរយៈពេល១ទស្សវតន៍កន្លងមក អាមេរិកបានលក់អាវុធឲ្យទៅប្រទេសថៃ គិតជាទឹកប្រាក់មានរហូតដល់ទៅ ៩៦០លានដុល្លារ ក្នុងមានឧទ្ធម្ភាគច័ក្រ កាំជ្រួចមីស៊ីលវាយប្រហារនៅលើដែនអាកាស និង មីស៊ីលប្រឆាំងនាវាចម្បាំងជាដើម។
បើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ កិច្ចព្រមព្រៀងលើកនេះ ជាផ្នែកមួយនៃផែនការ របស់កងកម្លាំងដែនអាកាសថៃ ដើម្បីបង្កើនឲ្យដល់ ១៦គ្រឿង។ បើតាមកាសែត បាងកកប៉ុស្តិ៍របស់ថៃ បានផ្សាយថា T-50 គឺនឹងត្រូវយកទៅជំនួយយន្តហោះ ហ្វឹកហ្វឺនចាស់ៗ ដែលផលិតនៅប្រទេសឆែក ។
យន្តហោះ T-50នេះ គឺមានសមត្ថភាពអាចហោះបាន ១.៨៣៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ផលិតឡើងដោយឧស្សាហកម្ម អាកាសចរណ៍កូរ៉េ ដែលជាក្រុមហ៊ុន ផលិតយន្តហោះតែមួយ របស់កូរ៉េខាងត្បូង ក្រោមការជួយជ្រោមជ្រែង ពីក្រុមហ៊ុនអាម៉េរិកមួយឈ្មោះ Lockheed Martin។
បើតាមលោក PrawitWongsuwonឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយថា យន្តហោះនេះ គឺនឹងត្រូវទូទាត់នៅក្នុង រយៈពេលជាង ៣ឆ្នាំ ដោយថវិការបស់កងកម្លាំង ដែនអាកាស របស់រាជរដ្ឋាភិបាលថៃ៕