រាល់ពេលដែលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ប្រទេសនេះតែង តែតបតវិញដោយ ធ្វើការសាកល្បងមីស៊ីល ឬ គ្រាប់បែកបរមាណូជាដើម ។នៅពេលនេះដែរ កូរ៉េខាងជើង បន្តគម្រាមកំហែង ថានិងមានការឆ្លើយតបប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មមកលើខ្លួនោះ ។
ការព្រមានបែបនេះពីទីក្រុងព្យុងយ៉ាង គឺធ្វើឡើង ក្នុងពេលស្របគ្នាដែលអង្គភាពជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិកំពុងត្រៀមរៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ច កាន់តែតឹងតែងឡើង ទៅលើកូរ៉េខាងជើងបន្ទាប់ពីប្រទេសឯកោនេះ បានធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបមួយកាលពីដើមខែកក្កដានេះ។
យោងតាមប្រភពពីគេហទំព័រព័ត៌មានអង់គ្លេស IBTimesនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៧ បានឲ្យដឹងថា មន្ត្រីនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ប្រសិនបើកុ្រមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចេញនូវសេចក្តីសម្រេចថ្មីដទៃទៀត ស្តីអំពីទណ្ឌកម្មវានឹងបង្កឲ្យមានវិធានឆ្លើយតបដូចគ្នា ដ៏សមស្រប ធ្វើឡើងដោយកូរ៉េខាងជើង។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើរ ឲ្យអាមេរិក ដកទាហាននិងអាវុធទាំងអស់ចេញពីឧប្បទ្វីបកូរ៉េ បើចងបានសុខ ។ នៅពេលនេះដែរ កម្មវិធីបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើង នៅតែបន្តដំណើរការ ដដែលមិនរាថយឡើយ។
យោងតាមអ្នកវិភាគអាមេរិក បានឲ្យដឹងថា ការស្នើឲ្យបន្ថយវត្តមានយោធាសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើងស្របពេលគ្នាដែលទីក្រុងព្យុងយ៉ាង ទំនងជាកំពុងដំណើរកែច្នៃឡើងវិញ នូវបរិមាណសារធាតុភ្លូតូនីញ៉ូមមិនកំណត់មួយ នៅរោងចក្រនុយក្លេអ៊ែរ កូរ៉េខាងជើងYongbyon។
គណៈកម្មាធិការជាតិកូរ៉េខាងជើង ស្តីពីសមយុទ្ធត្រៀមសង្គ្រោះបន្ទាន់និងសង្រ្គាមប្រឆាំងនុយក្លេអ៊ែរ បាននិយាយថា ឆ្នាំ២០១៧ គឺជាគម្រប់ខួបលើកទី៦០នៃការសម្រេចចិត្តអាមេរិក ក្នុងការបញ្ជូនអាវុធនុយក្លេអ៊ែរមកកាន់ឧបទ្វីបកូរ៉េ ដោយអះអាងថា សហរដ្ឋអាមេរិក បានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៧ ហើយក៏នៅតែបន្តដាក់ប្រើអាវុធនុយក្លេអ៊ែរទាំងនោះ នៅក្នុងប្រទេសកូរ៉េខាងត្បូងបើទោះជាអាមេរិក តាមសេចក្តីរាយការណ៍ បានដកអាវុធនុយក្លេអ៊ែរចេញទាំងអស់កាលពីឆ្នាំ១៩៩១ក៏ដោយ៕