ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានជនរងគ្រោះ២ នាក់បានស្លាប់នៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចររវាងរថយន្ត០២គ្រឿងបុកគ្នាកាលពីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៧វេលាម៉ោង២១,៤៥នាទីចន្លោះគីឡូម៉ែត្រលេខ២៩-៣០ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះទី១-ឈ្មោះ លន់ ទិត្យ ភេទប្រុសអាយុ២២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រស់នៅជ្រោយដង ឃុំរោងធំ ស្រុកកៀនស្វាយ និងទី២-ឈ្មោះ មាន សំបាន ភេទប្រុសអាយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅក្នុហភូមិ-ឃុំជាមួយគ្នានិង០២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់សាក្សីបានឃើញរថយន្តទាំងគ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីភ្នំពេញទៅអ្នកលឿង ក្នុងនោះរថយន្តដឹកកុងតឺន័រម៉ាកDONGENGKlNNDពណ៌សពាក់ស្លាកលេខ3C-9060 បើកបរនៅពីមុខ ចំណែករថយន្តដឹកដីកែច្នៃជិះគ្នា៤នាក់នៅក្នុងកាប៊ីនមុខបើកមកពីក្រោយ ។ មកដល់ចំនុចកើតហេតុរថយន្តដឹក កុងតឺន័របានបន្ថយល្បឿនព្រោះជិតដល់ផ្លូវបត់ចូលទៅកំពង់ផែស្វ័យតភ្នំពេញថ្មី ។ ពេលកំពុងបន្ថយល្បឿនស្រាប់តែរថយន្តដឹកដីបើកមកពីក្រោយជាន់ហ្វ្រាំងបុកគូថរថយន្តកុងតឺន័រពេញទំហឹងបណ្តាលអោយអ្នកជិះក្នុងរថយន្តដឹកដីស្លាប់២នាក់នៅកន្លែងកើតហេតុនិងពីនាក់ទៀតរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី ដោយឡែកអ្នកបើកបររថយន្តកុងតឺន័ររត់គេចខ្លួនបាត់ ។ ករណីនេះបង្កឡើងដោយសារតែអ្នកបើកបររថយន្តដឹកដីកែច្នៃខ្វះការប្រុងប្រយ័ត្ននិងមួយផ្នែកទៀតបណ្តាលមកពីកត្តាមធ្យោបាយកែច្នៃគ្មានបច្ចេកទេស ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស