ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលជាង ២០ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ២ រសៀល ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងភ្នំជីសូ ក្នុងភូមិ ស្លាខាងលិច ឃុំ ស្លា ស្រុក សំរោង ខេត្តតាកែវ ។
លោកលោក វង់ ង៉ែត អធិការរងនគរបាលស្រុកសំរោង ទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ របួសធ្ងន់ ២ នាក់ និងរបួសស្រាល ២០ នាក់ ។
ជនរងគ្រោះដែលបានស្លាប់មាន ទី ១ ឈ្មោះ ញ៉ែម ច្រឹក ភេទ ស្រី អាយុ ៥៨ ឆ្នាំ រស់នៅ ឃុំ ដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២ ឈ្មោះ រឹម វាសនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។
លោកបានបន្តរទៀតថា ដោយនៅថ្ងៃខែកើតហេតុ ពួកគាត់មកពី ឃុំ ដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីមកចូលរួមពិធីបុណ្យនៅវត្តបារាយរណ៍ ខេត្តតាកែវ បន្ទាប់ពីចប់កម្មវិធីបុណ្យពួកគាត់បាននាំគ្នាមកលេងនៅភ្នំជីសូរតែនៅសល់ប្រមាណជា ២ គីឡូម៉ែត្រទៀតដល់ ដល់ភ្នំជីសូរក៍ស្រាប់តែជួបគ្រោះថ្នាក់តែម្តង ។
តាមការសន្តិដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់គឺមកពីតៃកុងរថយន្តខាងលើងងុយដេកងោកមួយភាំង រេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយតែម្តង ។
ក្រោយពេលកើហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ ចំណែកសាកសពជនរងគ្រោះទាំង ០២ នាក់ត្រូវបានដឹក យកទៅស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងបួសធ្ងន់ ស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ ។
បច្ចុប្បន្នរថយន្តខាងលើត្រូវបានកម្លាំងជំនាញស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ៕ ភ្នំដា