ព្រឹក​នេះ​ តុលាការ​សវនាការ​រឿង​លោក​ គឹម​ សុខ​ សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ ​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដែល​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ជូង​ ជូងី​ ជា​មេធាវី​ការពារ​ក្ដី​លោក​ គឹម​ សុខ​ ថ្លែង​ប្រាប់​មុន​នេះ​បន្តិច​ ។

គួរ​បញ្ជាក់​ថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៦ខែ​កក្កដា​ ឆ្នាំ​២០១៧​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​ អង្គ​សេចក្ដី​ រឿង​លោក​ គឹម​ សុខ​​ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​

បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បញ្ជាក់​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ គី​ ឫទ្ធី​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ។

លោក​ គឹម​ សុខ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ដែល​ហ៊ាន​ចោទ​ គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​

លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក​ គឹម​ សុខ​ បន្ទាប់​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​ សៀង​ សុខ​ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​ មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​សម្តេច​តេជោ​ ដូច​គ្នា​ គឺ​ ពាក់ព័ន្ធ​ការ​ដែល​លោក​ គឹម​ សុខ​ បាន​ចោទប្រកាន់​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​ ៕​ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print