ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសពីររូបគឺ កញ្ញា សុគន្ធ នីសា និងលោក ហ្សូណូ នឹងបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស គឺរឿង “រាជនីភូមិគ្រឹះ”។ នេះជាស្នាដៃលើកដំបូងដែលតារាទាំងពីររូបបានសម្តែងរួមគ្នាជាមួយគ្នា អបដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបផងដែរ។
ទោះមិនបង្ហាញជាផ្លូវការក្តីក៏តាមការទម្លាយរបស់តារាស្រីល្បីឈ្មោះម្នាក់បានបង្ហើបថា ភាពយន្តភាគថ្មីរឿង”រាជនីភូមិគ្រឹះ” បានចាប់ផ្តើមដំណើរការផលិតហើយដែលមានតារាសម្តែងជាច្រើនចូលរួមសម្តែង ហើយតំណែងតួឯកគឺ លោក ហ្សូណូ និងកញ្ញា សុគន្ធ នីសា។
ប្រភពបញ្ជាក់ថាភាពយន្តភាគដែលនឹងចំនាយទុនផលិតខ្ពស់របស់ទូរទស្សន៍ហង្សមាសបានចាប់ផ្តើមដំណើរការផលិតជាបន្តបន្ទាប់ហើយ។ ក្នុងរឿងនេះគេចំណាយទុនផលិតខ្ពស់ព្រោះតែជាភាពយន្តដែលពណ៌នាអំពីទិដ្ឋភាពនាសម័យបារាំង និងត្រូវថតនៅតំបន់មួយចំនួនដែលត្រូវនឹងសាច់រឿងដូចជាខេត្ត បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ។ ប្រភពបន្តថា ភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយលោក កៅ សីហា និងនិពន្ធដោយលោក យូសុភា ដែលជាកវីនិពន្ធធ្លាប់ទទួលបានពានរង្វាន់ជាច្រើនបន្តបន្ទាប់ក្នុងការតែងនិពន្ធ។
មានការលើកឡើងដែរថា ភាពយន្តនេះនឹងត្រូវចំណាយរយៈពេលច្រើនជាង៣ខែ ដែលតារាសម្តែងភាគច្រើនជាតារាល្បីៗជាច្រើនរូប។ ការផ្តល់តំណែងជាតួឯកសម្រាប់តារាស្រីសុគន្ធនីសាព្រោះតែរូបសម្រស់តូចច្រឡឹងស្រគត់ស្រគុំរបស់នាងសាកសមទៅនឹងសាច់រឿងនិងស្របពេលដែលផលិតកម្មចង់លើកមុខមាត់តារាស្រីរូបនេះក្រោយពីវិលចូលទ្រនុំហង្សមាសវិញបន្ទាប់ពីចាកចេញទៅជ្រកក្រោមដំបូលផលិតកម្មថោនអស់មួយខ្សល់ធំ។
ក្នុងរឿងនេះសុគន្ធ នីសា នឹងត្រូវសម្តែងជាតួប្រពន្ធទី៤របស់ ហ្សូណូ ខណៈដែលតួអង្គប្រពន្ធផ្សេងទៀតមានតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាងលី ម៉ារីណា កញ្ញា សូដានីតាជាដើម។ ប្រភពបន្តថា ហ្សូណូ សម្តែងជាតួលោកម្ចាស់ដែលមានទ្រព្យសម្បត្តិ និងអំណាច និងមានភរិយាបន្តបន្ទាប់គ្នារហូតដល់ទៅបួននាក់ ហើយតារាស្រី សុគន្ធ នីសា ត្រូវសម្តែងជាតួស្រីពីររូបផ្សេងគ្នាក្នុងរឿងតែមួយ។ ភាពយន្តនេះនឹងក៏នឹងជាភាពយន្តដែលគាស់រំលើងបង្ហាញពីតថភាពនាសម័យអាណានិគមនិយមបារាំង ឲ្យទស្សនិកជនបានស្គាល់ផងដែរ៕ វឌ្ឍនា