ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករឡើងដោយខ្លួនឯង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
រថយន្តបង្ករ ម៉ាក TOYOTA តាកូម៉ា ១បាំងកន្លះពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-7692 ( ជិះមានគ្នា ០២នាក់) មានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោង ហើយរអិល ឡើងចំណោត រថយន្តបើកក្នុងលឿនពេក ក៏រេចង្កូតធ្លាក់មកចិញ្ចើមផ្លូវគ្រួសក្រហមបណ្តាលឲ្យក្រឡាប់នៅលើទ្រូងផ្លូវតែម្តង ។
អ្នកបើកបរ ឈ្មោះ ជិន សឿងទូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម បានស្លាប់ភ្លាមៗដោយគៀបជាប់ក្នុងរថយន្តនៅនឹងកន្លែង ។ រីឯអ្នករួមដំណើរ ០១ទៀត ឈ្មោះ ហន ស៊ុនវៀត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀត ណាម រងរបួសស្រាល ។
ចំពោះមុខ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ បានចុះជួយសង្រ្គោះជនរងគ្រោះ ដោយបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា ការពារនៅហ្នឹងកន្លែងកើតហេតុ និងជួយសម្រួលសណ្តាប់ធ្នាប់ សាធារណៈបញ្ជៀសការកកស្ទះចរាចរណ៍តាមដងផ្លូវ ។
ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យមនុស្ស ០១ម្នាក់ ស្លាប់ភ្លាមៗ និងអ្នករួមដំណើរ រងរបួសស្រាល ត្រូវដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ រីឯរថយន្ត ត្រូវរងខូចខាតស្ទើរទាំងស្រុង ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុក បានស្ទូងយករថយន្ត ទៅរក្សាទុកនៅអធិការនគរបាលស្រុក ចំណែកសាកសព រង់ចាំប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី