អតីត​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ពីរ​រូប​ ប្រព្រឹត្ត​អំពើពុករលួយ​ ត្រូវ​តុលាការ​កាត់ទោស​តម្រឹម​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​

ចែករំលែក៖

ភ្នំពេញ​៖អតីត​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ពីរ​រូប​ ជាប់​ចោទ​បទ​”វិតិក្រម​”​ពោលគឺ​ជំរិត​ទារ​ប្រាក់ពី​​ម្ចាស់​ក្រុម​ហ៊ុន​វិនិយោគ​​លើស​ច្បាប់​កំណត់ ត្រូវ​បាន​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​ ។

លោក​ចៅក្រម​ ថ្លែង​ក្នុង​សវនាការ​ ថា​ ទោស​នេះ​ គឺ​ គិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន​ ដល់​ថ្ងៃ​ប្រកាស​សាលក្រម​ សល់​ប៉ុន្មាន​ព្យួរទោស​ធម្មតា​ ។​

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ ការ​សម្រេច​នេះ​ មាន​ន័យ​ថា​ ជនជាប់ចោទ​ទាំង​ពីរ​នាក់​ នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ប្រសិន​បើ​គ្មាន​សំណុំរឿង​ផ្សេង​ទៀត​ ហើយ​គ្មាន​​បណ្តឹង​ឧទ្ធរណ៍​ពី​ព្រះ​រាជ​អាជ្ញា​ ឬ​ ជនជាប់ចោទ​ ប្តឹង​ឧទ្ធរណ៍​ ទេ​នោះ​ ។

បទល្មើស​”វិតិក្រម​”តាម​មាត្រា​៥៩២និងមាត្រា​​៥៩៣នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

ការ​សម្រេច​របស់​លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ មើល​ឃើញ​ថា​ គឺ​ ផ្តន្ទា​ទោស​ក្នុង​កម្រិត​អប្បបរមា​ ទាប​បំផុត​ ។

មន្ត្រី​ទាំង​ពីរ​រូប​ឈ្មោះ​ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ​ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ​ ។

ក្នុង​សវនាការ​ជនជាប់ចោទ​ រ័ត្ន​ បុរី សារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិចបានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុនវិនិយោគ ។ ពេលនោះលោកបានបង្គាប់អោយក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀលដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀលដោយប្រាក់ទាំង២១លានរៀលនេះលោកបាន​ឲ្យ​ឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយ មិនមានចេញវិក័យប័ត្រ​ឲ្យ​ក្រុមហ៊ុនវិញទេ ។

ពេលរៀបចំបែបបទរួចលោកក៏បាន​ឲ្យ​ឈ្ម​ណារុំជាមួយនិងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុនបានបង់ចំនួន៧លានរៀលយកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុនិងទទួលមកវិញនូវវិក័យប័ត្រដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ ។ ចំពោះប្រាក់នៅសល់១៤លានរៀលគឺរក្សាទុកនៅការិយាល័យផែនការវិនិយោគដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជាបង់​ឲ្យ​ក្រុមប្រឹក្សាវិនិយោគកម្ពុជានិងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើមរហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print