ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់និងដកហូតសារធាតុញៀនចំនួន១៩កញ្ចប់ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១២និង៥នាទី ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចប្លុកបឹងកក់ (ផ្លូវរថភ្លើង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងឃាត់ខ្លួននោះ ទី១ឈ្មោះស្រុង ឈិនឡុង ភេទប្រុស អា យុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំប្រាកដ មានស្រកកំណើត ភូមិព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី២មានឈ្មោះ ហង្ស សុភាព ភេទប្រុស២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួននិងឈានទៅដល់ការឆែកឆេរផ្ទះជនសង្ស័យគឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ដោយដឹងច្បាស់ថា ក្រុមជនសង្ស័យតែងតែ ឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាក់ស្តែងនិងដកហូតគ្រឿងញៀនចំនួន១៩កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យ២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅមូលដ្ឋាន បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរេឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស តារា