កម្លាំងទាហានជើងទឹក ៣ប្រទេសគឺ អង់គ្លេស ហុល្លង និងដាណឺម៉ាក បានបញ្ចូននាវាចម្បាំងរបស់ខ្លួន ទៅគៀកនិងតាមដាននាវាចម្បាំងរបស់ចិន ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ បាលតិច ចូលរួមធ្វើសមយុទ្ធរួមជាមួយរុស្ស៊ី។
លោក Klaus Thing Rasmussen មន្ត្រីយោធារបស់ប្រទេសដាណឺម៉ាកបានឲ្យដឹងថា «នាវាចម្បាំង ធុនតូច មួយគ្រឿង ធំមួយគ្រឿង និង នាវាការពាររបស់ចិន បានធ្វើដំណើរឆ្លងកាត់ តំបន់សមុទ្រប្រទេសដាណឺម៉ាក ។ យើង បាន តាមដានយ៉ាងយកចិត្តទុកដាក់នៅពេលដែលបានឆ្លងកាត់ប្រទេសយើង»។ លោក Rasmussen មិនបានលើកឡើង ពីព័ត៌មានពាក់ព័ន្ធនិងការបណ្តេញតាមពីក្រោយនាវាចិននោះឡើយ ហើយចិនមានសុំការអនុញ្ញាត្តិដែរឬទេ ពេលចូលក្នុងដែនសមុទ្រប្រទេសនេះ។
មន្ត្រីដាណឺម៉ាកបានឲ្យដឹងថា «យើងបានបញ្ជារឲ្យកម្លាំងការពារដែនសមុទ្រ ចេញទៅបំពេញបេសកម្ម ទាំងកណ្តាល យប់ពេលនាវាចិនចូលដល់ដែនទឹករបស់យើង »។
កាលពីដើមសប្តាហ៍កន្លងមក នាវាចម្បាំងរបស់ប្រទេសហុល្លង ក៏បានតាមគៀកនាវារបស់ចិនផងដែរ ពេលចូលដល់ដែនសមុទ្ររបស់ខ្លយន។ នៅមុននេះនាវាចម្បាំងរបស់អង់គ្លេស ក៏បាន តាមដានសកម្មភាព របស់នាវាចិនផងដែរ។
ក្រុមនាវាចម្បាំង របស់ចិនបានធ្វើដំណើរទៅកាន់ដែនសមុទ្រ បាលតិចដើម្បីចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជើងទឹករុស្ស៊ី ដែលនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី២១ខែកក្កដា។
ប្រទេសចិន និងរុស្ស៊ី ក្នុងពេលបច្ចុប្បន្ននេះ កំពុងត្រៀមរៀបចំខ្លួនធ្វើសហសមយុទ្ធយោធាទ័ពជើងទឹកមួយ នៅលើផ្ទៃសមុទ្របាល់ទិកដែលមាននាវាចម្បាំងជាច្រើនគ្រឿង ចូលរួម ហើយតាមសេចក្តីរាយការណ៍ ចិនបានបញ្ជូនរួចរាល់ហើយ នូវនាវាពិឃាតសមត្ថភាពមីស៊ីល ដ៏ទំនើបមួយគ្រឿងទៅចូលរួមក្នុងសមយុទ្ធនេះ ដែលមានកូដឈ្មោះថា Joint Sea 2017។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះនិងឧទ្ធម្ភាគចក្រយោធារបស់ទ័ពជើងទឹកប្រទេសទាំងពីរ ក៏នឹងចូលរួមក្នុងសមយុទ្ធដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដាហើយសមយុទ្ធទ័ពជើងទឹកនេះ គឺមានគោលបំណងធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការរវាងកងកម្លាំងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងការប្រឆាំងការគម្រាមកំហែងតាមដែនសមុទ្រ។
យោងតាមប្រភពព័ត៌មានពី IBTimesរបស់អង់គ្លេស បានឲ្យដឹងថាបើទោះជាប្រទេសទាំងពីរនេះ បានធ្វើសមយុទ្ធយោធារួមគ្នា ជារៀងរាល់ឆ្នាំក៏ដោយប៉ុន្តែទីតាំងសមយុទ្ធឆ្នាំនេះ គឺសមុទ្របាល់ទិកដ៏មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយវាជាទីមានការប្រឈមមុខដាក់គ្នា ដ៏តានតឹងរវាងកងកម្លាំងរុស្ស៊ី និងប្រទេសលោកខាងលិច៕