ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវបាននិយាយឲ្យដឹងថា ទីតាំងណេតដែលបង្កប់ល្បែងភ្នាល់តាមបច្ចេក វិទ្យាក្នុងខណ្ឌឫស្សីកែវបានចាប់ផ្តើមរីកដុះដាលដូចផ្សិត ហើយមានច្រើនទីតាំង ប៉ុន្តែសមត្ថកិច្ចនគរបាលខណ្ឌហាក់បីដូចជាគ្មានវិធានការលុបបំបាត់នោះទេ ដែលគេសង្ស័យថា ម្ចាស់ទីតាំងបើកល្បែងភ្នាល់ខាងលើនេះអាចមានតង្វាយថ្វាយទៅដល់លោកអធិការ ហើយ ទើបគ្មានវិធានការចុះបង្ក្រាប។
ទីតាំងណេតមួយកន្លែងបានដាក់អក្សរបញ្ជាក់ប្រាប់អ្នកដែលចូលទៅលេងថាទីតាំងណេតនេះ មានយីហោ ប៉េប៉េណេត ស្ថិតនៅផ្ទះលេខ២២៩១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងប៉េប៉េណេតមួយនេះទើបចាប់ផ្តើមបើក ហើយមានហ្វ្រុីភេសជ្ជៈជូនអ្នកដែលទៅលេងល្បែងភ្នាល់នៅក្នុងនោះផងដែរ និងបើតាមពួកគាត់ដឹង ភាគច្រើនជាយុវជន ហើយអ្នកចូលទៅលេងខ្លះចាញ់អស់ម៉ូតូក៏មានដែរ។ មិនតែប៉ុណ្ណោះការបើកល្បែងភ្នាល់សុីសង គ្រាន់តែយកស្លាកយីហោដាក់បិទបាំងខាងក្រៅតែប៉ុណ្ណោះ ធាតុពិតគឺភ្នាល់ដោយដាក់លុយ សូម្បីតែក្មេងៗក៏នាំគ្នាចូលលេងយ៉ាងពពាក់ពពូនទៅចាក់ ល្បែងទាំងនេះដែរ។
ការបើកទីតាំងណេតដោយមានការបង្កប់ការភ្នាល់ចាក់ល្បែងសុីសងតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ គឺខុសពីគោលនយោបាយភូមិ- សង្កាត់ មានសុវត្ថិភាពបាត់ទៅហើយដែលថ្នាក់លើបានដាក់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចអនុវត្ត។ នៅពេលដែលអ្នកចូលទៅលេងចាញ់ គឺបែកគំនិតលួច ឆក់ ប្លន់ ខ្លះទៀតហា៊នដល់សម្លាប់មនុស្សក៏មានដែរ។ ដូច្នេះសូមអភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី ក៏ដូចជាលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវជួយពិនិត្យមើលទីតាំងណេតទាំងនេះផង បើមិនដូចច្នោះទេ បញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាននឹងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។
អ្នកនៅមើលទីតាំងខាងលើជានារីម្នាក់ឈ្មោះនិច សម្រាប់ទូទាត់បុង និងគិតលុយ រីឯមេធំនៃម្ចាស់បើកទីតាំងនេះមិនបានចេញមុខនោះទេ៕ អរុណរះ