នារីម្នាក់បើករថយន្តព្រូសបុករះចូលកន្លែងលក់ផ្កា និងដើមឈើតាមបណ្តោយផ្លូវ៥៩៨ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់ទ្វាររថយន្តរួចអូសចេញមកខាងក្រៅរួចបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈនារីរូបនេះបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ក្នុងល្បឿនលឿនទាំងកណ្តាលយប់ រួចជ្រុលបុករះកន្លែងលក់ផ្កា និងដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចសួនលក់ដើមឈើ និងផ្កា ទល់មុខផ្ទះលោក ជា សុផារ៉ា តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

រថយន្តម៉ាកព្រូសបានរងការខូចខាតស្ទើរទាំងស្រុងដែលពាក់ស្លាក់ ភ្នំពេញ 2AL-8625 ដោយនារីអ្នកបើកបរនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយក្នុងករណីនេះក៏គ្មានជនណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។ ប៉ុន្តែផ្កា និងដើមឈើជាច្រើនត្រូវបានរងការខូចខាតដោយសារតែការបើកបុករបស់នារីជាអ្នកបើកបររថយន្តម៉ាកព្រូសនេះ។

រថយន្តខាងលើបានទុករហូតដល់ព្រឹកដែលធ្វើឲ្យ​អ្នកដំណើរតាមដងផ្លូវលេខ៥៩៨ នាំគ្នាឈប់មើល និងថតយករូបភាព ហើយលាន់ម៉ាត់ថា រថយន្តខ្ទេចបែបនេះ មនុស្សមិនដឹងជាយ៉ាងណានោះទេ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ត្រូវបាននារីជាអ្នកបើក បើកបរក្នុង ល្បឿ​នលឿនទិសដៅពីជើងទៅត្បូង រួចមកដល់ចំណុចផ្លូវរាងកោងមិនដឹងជាមូលហេតុអ្វីក៏បានជ្រុលទៅចំណែកខាងស្តាំដៃធ្លាក់ចញ្ជើមបុករះកន្លែងលក់ផ្កា និងដើមឈើបណ្តាលឲ្យបើុងក្រឡាប់ផ្ងារជើងតែម្តង។

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ រថយន្តបង្កនេះមិនទាន់បានស្ទួចចេញពីកន្លែងគ្រោះថ្នាក់នៅឡើយទេ ​ហើយនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍រាជធានីភ្នំពេញបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះខាងភាគីបង្ក និងជនរងគ្រោះជាម្ចាស់ផ្កា និងដើមឈើកំពុងសម្របសម្រួលគ្នាដោយមិនឲ្យជំនាញចុះទៅយកមករក្សាទុកឡើយ៕ អរុណរៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print