ឃាត់ខ្លួនឈ្មោះ អ៊ឹម ឆន អភិបាលរងស្រុកសន្ទុកពាក់ព័ន្ឋករណីស៊ីដាច់ជាង២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរងស្រុកសន្ទុក ខេត្តកំពង់ធំ បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីយកមកសាកសួរករណី ស៊ីដាច់លុយជាង២លានដុល្លារអាមេរិក តាមរូបភាពរៀបដីខ្យល់ទំហំ ១៥០០ហិកតា ។

អភិបាលរងរូបនេះឈ្មោះ អ៊ឹម ឆន ភេទប្រុស អាយុ៤៣ឆ្នាំ បានត្រូវសមត្ថកិច្ចបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បី ចាត់ការតាមច្បាប់។ រហូតមកទល់រសៀលថ្ងៃទី២០ ខែកក្កដា លោកសៀង សុខ ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពីបទឆបោករួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមចមក្នុងការឃាត់ខ្លួននេះ កើតឡើងក្នុងអំឡុង ឆ្នំា២០១៥ ក្នុងខណៈពេលដែលលោកស្រី ហ៊ុន សេងនី បានឲ្យឈ្មោះអ៊ឹម ឆន រៀបចំដី ចំនួន១៥០០ហិកតា នៅក្នុងឃុំចំនួន៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយផ្តល់លុយឲ្យចំនួនជាង២លានដុល្លារអាមេរិក។ រហូតមកដល់អំឡុងខែមេសា ឆ្នាំ២០១៧ ឈ្មោះអ៊ឹម ឆន ពុំបានប្រគល់ប្លង់រឹងមកឲ្យលោកស្រី ហ៊ុន សេងនី តាមការសន្យាទេ ហើយម្យ៉ាងទៀត ពេលចុះពិនិត្យមើលឃើញថា ពុំបានរៀបចំដីឲ្យទេ ពោលគឺមានតែនៅលើក្រដាសប៉ុណ្ណោះ ទើបលោកស្រីហ៊ុន សេងនី សម្រេចចិត្តដាក់ពាក្យប្តឹងមកសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ឹម ឆន បានទទួលស្គាល់ថា ពិតជាបានរៀបចំដីឲ្យ លោកស្រីហ៊ុន សេងនី ពិតប្រាកដមែន។ ប៉ុន្តែពុំមែនរៀបដីខ្យល់នោះទេ ពោលគឺលោក និងក្រុមការងារបានចុះទិញដីប្រជាជនជាបន្តបន្ទាប់ រហូតគ្រប់ទំហំ១៥០០ហិកតា តាមការសន្យា។ បន្ទាប់មកអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តកំពង់ធំ បានចេញលិខិតទទួលស្គាល់ការទិញ លក់នេះ រួចបំពេញឯកសារបញ្ជូនទៅជំនាញដើម្បីបានប្លង់រឹងយកមកប្រគល់ឲ្យ លោកស្រី ហ៊ុន សេងនី តាមការសន្យា។

ឈ្មោះអ៊ឹម ឆន បានបញ្ជាក់ថា នៅចុងឆ្នាំ២០១៦ លោកនិងក្រុមការងារបានរៀបចំឯក សារនិងប្រគល់ដីជាក់ស្តែងជូនលោកស្រីហ៊ុន សេងនី រួចហើយ គឺនៅសល់តែប្លង់រឹងប៉ុណ្ណោះ ដែលពុំទាន់ធ្វើបានតាមការសន្យា ព្រោះនៅមុននិងក្រោយពេលបោះឆ្នោតឃុំសង្កាត់ អាជ្ញាធរ ជាប់រវល់ខ្លាំង ទើបពុំអាចធ្វើទាន់ពេលវេលាបានរហូតដល់ហួសការសន្យាជាមួយលោកស្រី ហ៊ុន សេងនី ។

ចម្លើយនេះបានត្រូវសមត្ថកិច្ចចាត់ទុកថា ជាការដោះសារ ព្រោះពុំមានភស្តុតាងណាយកមកបញ្ជាក់ឡើយ ដូច្នេះសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនឈ្មោះអ៊ឹម ឆន មកតុលាការដើម្បីចាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print