ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់កំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននិងដកហូតសារធាតុញៀនចំនួន២៧កញ្ចប់ ហើយបន្តចាប់មេខ្លោងម្នាក់ដែលជាអ្នកទំលាក់ថ្នាំញៀនឲ្យគេលក់ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចប្លុកបឹងកក់ (ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងឃាត់ខ្លួននោះ ៣នាក់នោះគឺមានម្នាក់ឈ្មោះ សម ជាមេខ្លោង សម្រាប់ផ្តល់ថ្នាំញៀនឲ្យក្មេងៗដែលតែងតែឈរលក់ថ្នាំញៀនកន្លង មក ហើយក៏ត្រូវសមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់ផងដែរ ។ ដោយជនសង្ស័យឈ្មោះ៖១-ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ២ផ្លូវរថភ្លើង សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ថៃ សុខឡាង ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុដូរ ស្នាក់នៅផ្ទះជួលផ្លូវ៣៥៣
សង្កាត់បឹងកក់១ខណ្ឌទួលគោករាជធានីភ្នំពេញ។
៣- ទេព កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន ស្នាក់នៅផ្ទះជួលផ្លូវ៣៥៣ សង្កាត់ បឹកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
+វត្ថុតាងចាប់យក៖
-ក្រាមសថ្លា ចំនួន២៧កញ្ចប់តូច
(សង្ស័យគ្រឿងញៀន)
-ម៉ូតូ០១គ្រឿងម៉ាក ណៃហត ពណ៍ខ្មៅ ពាក់ស្លាកលេខ
1N-8401 បន្ទាយមានជ័យ ។
មន្រ្តីអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងអស់នោះនិងឈានទៅដល់ការឆែកឆេរផ្ទះជនសង្ស័យគឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ដោយដឹងច្បាស់ថា ក្រុមជនសង្ស័យតែងតែ ឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ជាក់ស្តែងនិងដកហូតគ្រឿងញៀនចំនួន២៧កញ្ចប់តូច រួចបន្តឃាត់ខ្លួនមេខ្លោងឈ្មោះសម បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យ៣នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅមូលដ្ឋាន បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរេឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕