ភ្នំពេញ ៖ ប្រជាពលរដ្ឋមកពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ប្រមាណ១០០នាក់ មានមធ្យោបាយរថយន្តក្រុងចំនួន៤គ្រឿង បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានី ក្នុងគោលបំណងទាមទារឲ្យចៅក្រមស៊ើបសួរ លោកសាន សុផាត បកស្រាយរឿងក្តី ដែលមិនចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះឡាយ គឹមហួយ ដែលជាសមាជិកតុងទីនជាប់ចោទបោកប្រាក់ជាង២៦ម៉ឺនដុល្លារអាមេរិកមកដោះស្រាយ ខណៈដែលបានអនុញ្ញាតឱ្យឈ្មោះនោះបាននៅក្រៅឃុំ។ ប្រជាពលរដ្ឋដែលបាននាំគ្នាមកប្រមូលផ្តុំគ្នានេះធ្វើឡើងកាលរសៀលថ្ងៃទី២១ កក្កដា ២០១៧ ។
សមាជិកតុងទីនដែលជាប់ចោទបោកប្រាស់យកប្រាក់ជាង២០ម៉ឺនដុល្លារនេះឈ្មោះ ឆាយ គឹមហួយ ហៅបងអួយ អាយុ៤៧ឆ្នាំ មុខរបរលក់គ្រឿងទេសនៅផ្សារព្រែកលៀប ស្នាក់នៅផ្ទះលេខ៥១G ផ្លូវជាតិលេខ៦ ក្រុមទី៣ មណ្ឌល៧ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
ការតវ៉ានេះបន្ទាប់ពីស្ត្រីជាមេតុងទីនម្នាក់រួមទាំងសមាជិកតុងទីនជិត២០នាក់បាននាំគ្នាទៅស្រែកឡូឡានៅមុខសាលាដំបូងរាជ
ធានីឹភ្នំពេញ ដោយចោទថា បានដោះលែងសមាជិកតុងទីនម្នាក់ដែលបោកប្រាស់លុយតុងទីនចំនួន២៦៥.៦០០ដុល្លារ ។
ប្រភពពីមេតុងទីនឈ្មោះ ម៉េង សុខហៀង ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិកៀនឃ្លាំង បានឱ្យដឹងថា គាត់បានបង្កើតជាសមាគមតុងទីនមួយដែលបានលេងជាយូរឆ្នាំមកហើយ ចំណែកឈ្មោះ ឆាយ គឹមហួយ ដោយសារតែជាមនុស្សស្គាល់គ្នានិងនៅផ្ទះជិតគ្នាផង ក៏បានឱ្យចូលរួមលេងជាមួយចំនួន៦ខ្សែ និងដាក់ឲ្យស៊ីឈ្មោះខ្មោចជាច្រើនខ្សែទៀត ។
ស្ត្រីមេតុងទីនរូបនេះបន្តថា ក្នុងនោះខ្សែទី១ក្បាល៣០០ដុល្លារ លេង៥ក្បាល មានសមាជិកចំនួន៥០នាក់ សរុបទឹកប្រាក់ចំនួន៤០.៥០០ដុល្លារ ។ ខ្សែទី២ក្បាល២០០ដុល្លារ លេងចំនួន៥ក្បាល មានសមាជិកចូលរួមលេង៩០នាក់ស្មើនឹងទឹកប្រាក់៦២.០០០ដុល្លារ ។ខ្សែទី៣ក្បាល៥០ដុល្លារ លេងចំនួន៥ក្បាល មានសមាជិកចូលរួមលេង១២៦នាក់ ។
ខ្សែទី៤ក្បាល១០ដុល្លារ លេងចំនួន២០ក្បាលមានសមាជិកចូលរួមលេង៥៧០នាក់ ស្មើនឹងទឹកប្រាក់៤៨.៨០០ដុល្លារ ។ ខ្សែទី៥ក្បាល១០ដុល្លារ លេង១៥ក្បាល ចំនួនអ្នកលេង៨០០នាក់ស្មើនឹងទឹកប្រាក់៧០.៣០០ដុល្លារ ។ ខ្សែទី៦ក្បាល៥ម៉ឺនរៀល លេងចំនួន១៥ក្បាល ចំនួនអ្នកលេង៥០០នាក់ ស្មើនឹងទឹកប្រាក់៤៣.២៥០ដុល្លារ ។ ប្រភពដដែលបន្តថា ស្ត្រីឈ្មោះ ឆាយ គឹមហួយ បានដេញតុងទីនជាបន្តបន្ទាប់ទាល់តែអស់ទាំង៦ខ្សែ បានប្រាក់សរុប២៦៥.៦០០ដុល្លារ ។ លុះនៅថ្ងៃទី១ ខែកក្កដា ស្រាប់តែជននេះបានហៅគាត់ជាមេតុងទីនទៅផ្ទះរបស់គេហើយប្រាប់ថា រូបគេអស់លុយបង់ហើយ ។ ដោយសារបែបនេះ ទើបនៅថ្ងៃទី៥ ខែកក្កដា គាត់បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី១៦ ខែកក្កដា ក្រសួងមហាផ្ទៃបានកោះហៅសមាជិកតុងទីនរូបនេះឱ្យចូលខ្លួនទៅដោះស្រាយ ។
តាមមន្ត្រីតុលាការថា មិនមែនតុលាការមិនគិតគូរទេ តែកាលពីលើកមុននោះមានការដាក់ពាក្យប្តឹងស្ថិតនៅលើលោកចៅក្រម សាន សូផាត ហើយបណ្តឹងនេះត្រូវបានផ្ញើទៅសាលាឧទ្ធរណ៍ហើយ រង់ចាំតែការសម្រេចធ្លាក់មកប៉ុណ្ណោះ
ស្ត្រីឈ្មោះ ឆាយ គឹមហួយ បានចូលតាមការកោះហៅ និងត្រូវបានឃុំខ្លួន២ថ្ងៃនៅក្រសួងមហាផ្ទៃ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីសាកសួរបន្ត ។ ក្រោយពេលតុលាការសាកសួរហើយ ក៏បានឃុំខ្លួនរយៈពេល៤ថ្ងៃទៀត ។ ប៉ុន្តែស្ត្រីរូបនេះបានតម្កល់ប្រាក់នៅតុលាការ រួចហើយបាននៅក្រៅឃុំដោយសន្យាថា នឹងចូលតាមការកោះហៅរបស់តុលាការ ។ ផ្ទុយទៅវិញ នៅពេលតុលាការចេញដីកាកោះហៅជាលើកទី២ ស្រាប់តែស្ត្រីរូបនេះមិនព្រមចូលខ្លួនទៅដោះស្រាយទេ ដោយយកលេសថាឈឺ។ ស្ត្រីជាមេតុងទីនរៀបរាប់ទៀតថា ដោយរង់ចាំមិនឃើញតុលាការចេញដីកាជាលើកទី៣ ទើបរូបគាត់និងសមាជិកតុងទីននាំគ្នាមកជំរុញ ៕ ជ្រោយពេជ្រ
...