ឆ្មាំការពារដែនសមុទ្រប្រទេសអ៊ីតាលីបានថ្លែងបញ្ជាក់ថា ជនភៀសខ្លួនប្រមាណ១.៨០០នាក់ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ត្រូវបានជួយសង្គ្រោះចេញពីនាវា៦គ្រឿងដែលអណ្តែតរសាត់តាមយថកម្មនៅលើសមុទ្រមេឌីទែរ៉ាណេ ជិតឈូងសមុទ្រប្រទេសលីប៊ី ។
ឆ្មាំការពារដែនសមុទ្រអ៊ីតាលីដដែលនេះបានបន្តថា ជនភៀសខ្លួន១.៨៣០នាក់ត្រូវជួយសង្គ្រោះឲ្យមកកាន់ទីច្រាំងសមុទ្រ ដោយប្រតិបត្តិការ៦ទីតាំងផ្សេងៗគ្នា ។ ក្នុងចំណោមពួកគេទាំងនេះបានធ្វើដំណើរតាននាវាគ្មានសុវត្ថិភាព៤គ្រឿង និងតាមទូកធ្វើអំពីកៅស៊ូ២គ្រឿង ។
នៅក្នុងប្រតិបត្តិការជួយសង្គ្រោះជនភៀសខ្លួនដែលឲ្យឈ្មោះថា បេសកកម្ម EU Navfor Med នេះចូលរួមដោយនាវារបស់កម្លាំងទាហានជើងទឹកអ៊ីតាលី៣គ្រឿង, កប៉ាល់របស់កម្លាំងទាហានចក្រភពអង់ក្លេស១គ្រឿង និងរបស់អ៊ៀកឡង់( Ireland) មួយគ្រឿងផងដែរ ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១៥នេះ ជនភៀសខ្លួនរាប់លាននាក់បានទៅកាន់ប្រទេសសហគមន៍អឺរ៉ុបដើម្បីស្វែងរកសិទ្ធិជ្រកកោណ ។ ជាមួយគ្នានេះដែរ មនុស្សប្រមាណ២.៩៨០នាក់បានបាត់ខ្លួន រកដានមិនឃើញដោយសារតែព្យាយាមទៅកាន់តំបន់អឺរ៉ុប ។
ជនភៀសខ្លួនភាគច្រើនធ្វើដំណើរចេញពីប្រទេសតំបន់អាហ្វ្រិកឆ្លងកាត់សមុទ្រលីប៊ី ហើយជាមួយគ្នានេះ ប្រទេសទួរគីក៏ជាច្រកផ្លូវមួយយ៉ាងសំខាន់ផងដែរសម្រាប់ជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ពីតំបន់មជ្ឈិមបូព៌ា រត់គេចពីសង្គ្រាម និងទុគ៌តភាព ។
ចាប់ពីថ្ងៃពុធ ទី៧ ខែតុលា នេះតទៅ កងកម្លាំងជួយសង្គ្រោះស្ថិតនៅក្រោមបេសកកម្មដែលមានឈ្មោះថា EU Navfor Med នឹងមានសិទ្ធិនៅក្នុងការចាត់ការភ្លាមៗចំពោះក្រុមអ្នករត់ពន្ធមនុស្សដែលដាក់ញាត់ជនភៀសខ្លួនចូលក្នុងទូកតូចចង្អៀតនាំឲ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់នោះ ។
កងកម្លាំងដែលធ្វើប្រតិបត្តិការនេះមានសិទ្ធិនៅក្នុងការតាមប្រមាណ ស្វែងរក និងចាប់រាល់នាវាទាំងឡាយដែលនៅលើផ្ទៃសមុទ្រអន្តរជាតិហើយដែលសង្ស័យថាមានរត់ពន្ធមនុស្សខុសច្បាប់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត