ភ្នំពេញ៖ បន្ទាប់ពីមានភាពអនាធិបតេយ្យក្នុងការដំឡើងស្លាកយីហោកន្លែងធ្វើអាជីវកម្មរំលោភលើផ្លូវសាធារណៈនាំឲ្យបាត់បង់សោភណភាពរាជធានីនោះនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥នៅផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ ពីលោកគួច ចំរើន អភិបាល ខណ្ឌដូនពេញ តម្រូវឲ្យក្រុមការងារសណ្ដាប់ធ្នាប់ខណ្ឌ បានបន្តយុទ្ធនាការ រៀបចំសណ្ដាប់ធ្នាប់ និងបោសសម្អាតតាមផ្លូវសាធារណៈនិងកាត់ស្លាកយីហោអាជីវកម្មទាំងឡាយណាដែលធ្វើរំលោភលយចូលផ្លូវ ។
តាមការឲ្យដឹងពីលោក គឹម វុត្ថា ប្រធានក្រុមសណ្តាប់ធ្នាប់ ខណ្ឌដូនពេញ បានបញ្ជាក់ថា បន្ទាប់ពីទទួលបញ្ជាពីលោកអភិបាលខណ្ឌភ្លាមក្រុមការងាររបស់លោក បានចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់តាមផ្លូវខាងលើដោយបាន ឲ្យអ្នកលក់ដូរ លើចិញ្ចើមផ្លូវ ត្រូវខិតចូលខាងក្នុងវិញកុំធ្វើឲ្យស្ទះចរាចរណ៍ និងទុកចិញ្ចើមផ្លូវសម្រាប់មនុស្សដើរហើយការរៀបចំសណ្តាប់ធ្នាប់នាពេលនោះ និងបងប្អូនប្រជាពលរដ្ឋ អ្នករកស៊ី នៅតាមដងផ្លូវនេះមិនបានប្រឆាំងតវ៉ាអ្វីនោះឡើយ ពោលគឺព្រមស្តាប់តាមការណែនាំពីអាជ្ញាធរ ធ្វើឲ្យដងផ្លូវមានសោភ័ណភាពល្អឡើងវិញ។ ចំណែកស្លាកយីហោដែលគេសង់លយទៅលើផ្លូវក៏ត្រូវកាត់ ឬដកបង្គោលចេញប្រយោជន៍ឲ្យផ្លូវលេខ៤៧មានភាពទូលាយងាយស្រួលធ្វើចរាចរណ៍ ។
ទោះយ៉ាងណាប្រជាពលរដ្ឋបានមើលឃើញចំណាត់ការលោកអភិបាលខណ្ឌដូនពេញ មានវិធានការតឹងរ៉ឹងផ្នែករដ្ឋបាលយ៉ាងមានប្រសិទ្ធភាពសម្រាប់ការងារសណ្តាប់ធ្នាប់នៅតាមដងផ្លូវក៏ដូចជាការរៀបចំប្រព័ន្ធលូនិងជាពិសេសបានលុបបំបាត់ទីតាំងបើកហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យកើតមាននៅខណ្ឌមួយនេះបានឡើយ ៕
ដោយ៖ ប្រាថ្នា