ខេត្តបន្ទាយមានជ័យ ៖ ប្រជាជនមួយភូមិមានគ្នារាប់រយនាក់បាននាំគ្នាបញ្ចេញកំហឹង វាយទៅលើជនសង្ស័យជាឃាតក ចាប់រំលោភ សម្លាប់ស្រ្តីម្នាក់អាយុ១៨ឆ្នាំ នៅស្រុកម៉ាឡៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ខណៈដែលជនសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើតម្រាប់ឡើងវិញ នូវសកម្មភាពជនសង្ស័យបានចាប់រំលោភសម្លាប់ស្រ្តីរងគ្រោះ។
ការបញ្ចេញកំហឹងពីសំណាក់អ្នកភូមិទៅលើជនសង្ស័យនោះ ត្រូវគេមើលឃើញថា បើសិនសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍មិនបាននោះទេ ជនសង្ស័យអាចនឹងរងការវាយសម្លាប់ពីក្រុមអ្នកភូមិ ខណៈដែលប្រជាជនយ៉ាងសន្ធឹកសន្ធាប់ នាំគ្នាសម្រុកចូលទៅវាយជនសង្ស័យជាឃាតក អ្នកខ្លះប្រើដំបង និងប្រជាជនមួយចំនួនទៀត ចូលវាយដោយដៃធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ នាំឱ្យប្រជាជនទាំងនោះបែកខ្ញែកគ្នា ទើបសមត្ថកិច្ចនាំជនសង្ស័យចាប់ដាក់លើរថយន្តបញ្ជូនត្រឡប់មកស្នងការដ្ឋាននគរបាលខេត្តដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ផ្ទុះកំហឹងពីសំណាក់អ្នកភូមិកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិបល្ល័ង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ជនសង្ស័យឈ្មោះ ជឹម តាក់ ភេទប្រុសអាយុ២៥ឆ្នាំ ប្រកបមុខរបរកម្មករ មានប្រពន្ធកូន១ រស់នៅភូមិបល្ល័ង ឃុំតាគង់ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោយពីបានរត់គេចខ្លួនរយៈពេល២ថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភវាយសម្លាប់ស្រ្តីរងគ្រោះឈ្មោះ ឃាង ស្រីខួច អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយជនសង្ស័យកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចកើតហេតុខាងលើ ខណៈដែលស្រ្តីរងគ្រោះធ្វើដំណើរតាមម៉ូតូម្នាក់ឯងត្រឡប់ពី ជូនម្តាយទៅស្ទូងស្រូវនៅស្រែ ហើយក៏ជិះម៉ូតូជួបនិងជនសង្ស័យជិះកង់នៅពាក់កណ្តាលផ្លូវស្ងាត់ ខណៈជនសង្ស័យបម្រុងទៅស៊ីឈ្នួលដកដំឡូងឱ្យគេ។
នៅពេលនោះជនសង្ស័យក៏កាក់ហៅម៉ូតូស្រ្តីរងគ្រោះឱ្យឈប់ ហើយក៏បានធ្វើសកម្មភាពដេញចាប់រំលោភនិងសម្លាប់ស្រ្តីរងគ្រោះបានសម្រេចនៅចម្ងាយពីផ្លូវលំប្រហែល៣០០ម៉ែត្រ។
ការចាប់ឃាត់ខ្លួនជនសង្ស័យបានដោយសារសមត្ថកិច្ចស្រាវជ្រាវតាមរយៈការបន្សល់ទុកវត្ថុតាងកង់ជនសង្ស័យ នៅក្បែរកន្លែងកើតហេតុ។
ជនសង្ស័យកាលពីល្ងាចថ្ងៃដដែលត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញចាប់បញ្ជូនយកទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕ សំ វិច្ឆិកា