ខេត្តសៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ លើ ស្រុកស្វាយលើ បានសហការជាមួយមេភូមិខ្ទះ ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅក្នុងចំការប្រជាពលរដ្ន ចំនួន១១ គ្រាប់យកមកប្រគល់ឱ្យអង្គការស៊ីម៉ាកកំទេចចោល ហេតុការណ៍នេះបានធ្វើឡើង នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចត្រពាំងកន្សែង ក្នុងភូមិខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់ថា ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយលើ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានសហការជាមួយលោក ឆោម ស្អាតសុផាន់ មេភូមិត្រពាំងខ្ទះ បានចុះទៅត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងដីស្រែឈ្មោះ ឆន យឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ មានចំនួន១១គ្រាប់ ដែលមានចម្ងាយពីប៉ុស្តិស្វាយលើប្រហែល២១ គីឡូម៉ែត្រ និងបានរាយការណ៍ជូនអង្គការស៊ីម៉ាក់ដើម្បីប្រមូលយកទៅកំទេចចោល ។
សូមបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង១១គ្រាប់នោះ រួមមាន៖ គ្រាប់ប្រភេទ ៨០mm ចំនួន១គ្រាប់ គ្រាប់ប្រភេទ៧៦mm ចំនួន១គ្រាប់ គ្រាប់ប្រភេទ ៦០ mm ចំនួន ៨គ្រាប់ និងក្បាលគ្រាប់ប្រភេទ ៦០mm ចំនួន ១គ្រាប់ ៕ប៊ុន រិទ្ធី