ចាប់ស្រី្តជនជាតិវៀតណាមម្នាក់វាយហើមមុខចោទថាចាប់ក្មេងស្រីលក់ទើបដឹងថានាងសរសៃប្រសាទសោះ

ចែករំលែក៖

ភ្នំពេញៈ មានការភ្ញាក់ផ្អើលស្ទើរពេញភូមិ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីស្ត្រីជនជាតិវៀតណាមឡប់សតិម្នាក់ បានលួងលោម និងបម្រុងចាប់កូនស្រីខ្មែរអាយុ១៤ឆ្នាំ តែមិនបានសម្រេចព្រោះត្រូវឪពុកម្ដាយក្មេងស្រី និងប្រជាពលរដ្ឋឃើញទាន់នាំគ្នាចាប់បានវាយហើមមុខមាត់ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែចាត់កាតតាមច្បាប់ ។

មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ចាំង អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ កោសខ្យល់ តែមានសតិមិនគ្រប់ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ រស់ ស្រីនិច អាយុ១៤ឆ្នាំ សិស្ស ឪពុកឈ្មោះ អឹម រិទ្ធី អាយុ៣៨ឆ្នាំ មុខរបរ ជាងសំណង់ ម្ដាយឈ្មោះសួន ស្រីឡឹង អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះ។ អ្នកទាំង៣ ស្នាក់នៅភូមិផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា បើយោងតាមក្មេងស្រីរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេមកទិញនំហូបនៅមុខសាលាប៊ែលធីហើយខណៈកំពុងឈរទិញនំ ក៏មានស្ត្រីជនជាតិវៀតណាមបានមកនិយាយ​លួងលោមដោយសម្តីប៉ៃឡាំ និយាយខ្មែរមិនសូវច្បាស់ និងបានសួរឈ្មោះ អាយុ ព្រមទាំងបបួលនាងទៅជួយយកផ្លែឈើ តែនាងបដិសេធមិនទៅទេ ខ្លាចឪពុកម្តាយវ៉ៃ។បន្ទាប់មកនាងក៏ បានដើរទៅផ្ទះវិញ ធ្វើឲ្យស្ត្រីសង្ស័យមិនអស់ចិត្តក៏បាន ដើរទៅតាមពីក្រោយហើយចាប់ទាញដៃនាងមិនដឹងមានបំណងអ្វីនោះទេ។សកម្មភាពនេះបានកើតឡើងនៅចំពោះមុខស្ត្រីអ្នករើសអេតចាយម្នាក់ក៏សួរថា ហេតុអ្វីបានជាមកចាប់កូនគេចឹង? ជនសង្ស័យបើកភ្នែកធំៗបានឆ្លើយថា កុំចេះដឹងរឿងគេប្រយ័ត្នវើយ។ រួចក៏បានដើរចេញទៅ។

ប្រភពបានបន្តទៀតថា ក្រោយមកឪពុករបស់ក្មេងស្រីរងគ្រោះ បានមកដល់ផ្ទះស្រាប់តែអ្នកជិតខាងប្រាប់ថា មានគេចង់ចាប់កូនស្រីឯង ក៏កើតមានការផ្អើលឆោឡោឡើងពេញភូមិ ។ក្រោយមកទើបប្រជាពលរដ្ឋតាមរកឃើញស្រ្តីសង្ស័យរូបនេះវាយហើមមុខទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ យកទៅសាកសួរ។

យ៉ាងណាខណៈសមត្ថកិច្ចកំពុងសាកសួរស្រាប់តែមានអ្នកជិតខាងស្រី្តសង្ស័យដែលមានជនជាតិវៀតណាមក៏មាន ជនជាតិខ្មែរក៏មានចេញមុខអះអាងថា ជនសង្ស័យជាមនុស្សសរសៃប្រសាទទេ។ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិរាប់រយនាក់នាំគ្នាស្រែកឆោឡោនៅមុខប៉ុស្តិ៍ នគរបាលទួលសង្កែផ្ទុះកំហឹងនិង សុំឲ្យសមត្ថកិច្ចស្រាវជ្រាវឲ្យមែនទែនព្រោះខ្លាចមិនឆ្កួត ធ្វើឆ្កួត ព្រោះមួយរយៈមកនេះមានពាក្យចចាមរ៉ាមថា មានមនុស្សចាប់ក្មេងយកទៅលក់យក​គ្រលៀន។

ដោយមានការភ្ញាក់ផ្អើលខ្លាំងយ៉ាងនេះទើបគេឃើញ ប្រជាពលរដ្ឋ ប៉ុន្មានជាង២០នាក់ រួមទាំងម្ចាស់ផ្ទះជួល របស់ស្ត្រីសង្ស័យផងនោះបានមកអះអាងថា ជនសង្ស័យពិតជាមានជំងឺសរសៃប្រាសាទមែន មានទាំងមានសំបុត្របញ្ជាក់ពីគ្រូពេទ្យផងមកបង្ហាញ គួបផ្សំអ្នកទាំងនោះនាំគ្នាផ្ដិតមេដៃ ធានារ៉ាបរងទាំងស្រុងថែមទៀតទើបសមត្ថកិច្ចសម្រេចដោះលែងស្រី្តសរសៃប្រសាទរូបនេះឲ្យមានសេរីភាពវិញ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print