ខេត្តពោធិ៍សាត់ ៖ សង្ស័យក្រុមចោរដដែលៗបានចេញធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកទ្រព្យប្រជាពលរដ្ឋទៀតហើយ ជាក់ស្ដែងប្រជាពលរដ្ឋ ១គ្រួសារបានបាត់ម៉ូតូ ១គ្រឿង និងសត្វឆ្កែ ១ក្បាល ខណៈក្រោកពីដំណេក បន្សល់នៅសាច់ជ្រូកពណ៏ខ្មៅចំនួន ៣កន្លែងដែលគេសង្ស័យប្រឡាក់ថ្នាំពុលផងនោះ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៤៩នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ក្រោមផ្ទះកើតហេតុ ស្ថិតក្នុងភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុលើកឡើងថា ម្ចាស់ម៉ូតូជាម្ចាស់ផ្ទះឈ្មោះ តាន់ សំនាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ..ឃុំកើតហេតុខាងលើ ហើយម៉ូតូដែលបានបាត់ពីបន្ទប់ក្រោមផ្ទះនោះម៉ាក គុបចង្គៀងជ្រុង សេ៩០ ពណ៏ទឹកប៊ិច ពាក់ស្លាក់លេខ ភ្នំពេញ 1GL 9138។
ប្រភពព័ត៌មានខាងលើបន្តថា ម៉ូតូនោះគេមិនដឹងចោរធ្វើសកម្មភាព និងលួចយកទៅបាត់ពីវេលាម៉ោងប៉ុន្មាននោះទេ លុះព្រឹកព្រលឹមឡើងនៅម៉ោងខាងលើទើបបង្កការភ្ញាក់ផ្អើលឡើង ខណៈដែលឃើញបន្ទប់ដាក់ម៉ូតូនៅក្រោមផ្ទះរបើកទ្វារ រួមទាំងបន្សល់នៅសាច់ជ្រូកពណ៏ខ្មៅសង្ស័យប្រឡាក់ថ្នាំពុលចំនួន ៣កន្លែងក្នុងបរិវេណផ្ទះ រួមទាំងបានបាត់សត្វឆ្កែចំនួន ១ក្បាលថែមទៀតផង ករណីខាងលើនេះឃើញថាបានស្ងប់ស្ងាត់អស់មួយរយៈហើយដែរ ឥឡូវក្រុមចោរបានចាប់ផ្ដើមចេញធ្វើសកម្មភាពទៀតហើត ដែលបញ្ហានេះគេដាក់ជាសំណួសួរថាតើភូមិឃុំមានសុវត្ថិភាពនៅទីឬកន្លែងពិតប្រាកដ?។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុគេឃើញមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកាន នាំគ្នាចុះសួរនាំ និងថាចាំធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កធ្វើសកម្មភាពយកមកផ្ដន់ទាទោសតាមនីតិវិធី៕ បឹុម ពិន