រថយន្តក្រុងថ្មី៥៧ក្នុងចំណោម១០០គ្រឿងជាជំនួយរបស់ចិនចាប់ផ្តើមរត់ជំនួសរថយន្តចាស់

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ដូចការគ្រោងទុករបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុងថ្មីៗរាប់​សិប​គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំពោះកម្ពុជា បានចាប់ផ្តើមដំណើរការរត់ជំនួសរថយន្តក្រុងចាស់ៗហើយ បន្ទាប់ពីបំពាក់ស្លាកលេខ បិតស្ទីកឃឺ ឈ្មោះខ្សែ និងLogo រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរួចហើយនោះ។

នេះជាការអនុវត្តតាមកិច្ចប្រជុំពិភាក្សាលើកតម្រាយផ្លូវរថយន្តក្រុងថ្មីចំនួន១០០គ្រឿងដែលរដ្ឋាភិបាលចិន បានប្រគល់ជូនកាលពីពេលថ្មីៗនេះហើយ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់រថយន្តក្រុងថ្មីទាំងនេះ ជំនួសខ្សែរត់ចាស់ដែលកំពុងដំណើរការនាពេលកន្លងមក។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអ្នកបើកបររថយន្តនេះឲ្យមានក្រមសីលធម៌ គោរពច្បាប់ចរាចរណ៍ទៀតផង។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយការសិក្សាបានល្អិត ល្អន់ហើយ ខ្សែរត់មួយចំនួន និងមមាញឹកជាងពេលមុន ពោលគឺបើមានតម្រូវការច្រើនជាក់លាក់ ចំនួនរថយន្តក៏នឹងបន្ថែម ហើយល្បឿននៃខ្សែរត់ក៏ត្រូវបង្កើនទៅតាមភាពជាក់ស្តែងផងដែរ។

លោក ម៉េត មាសភក្តី បញ្ជាក់ថា ដំណើរការនៃការផ្លាស់ប្តូររថយន្តក្រុងចាស់ទៅរថយន្តក្រុងថ្មីទាំង៥៧គ្រឿងនេះ គឺរថយន្តចាស់ៗទាំងនោះ និងបញ្ជូនទៅធ្វើការជួសជុលនៅយានដ្ឋាន ហើយជំនួសមកវិញនូវរថយន្ត ថ្មីចូលទៅក្នុងខ្សែរត់ចាស់ និងធ្វើឲ្យចំនួនអ្នកជិះមានការកើនឡើងស្របពេលដែលបច្ចុប្បន្ននេះ មានអ្នកជិះជាមធ្យមពី៧ពាន់ទៅ៨ពាន់នាក់ក្នុងមួយថ្ងៃ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ ត្រូវអប់រំណែនាំ អ្នកបើកបររថយន្តទាំងអស់ឲ្យចេះស្រលាញ់ រថយន្តក្រុងដូចជារថយន្តផ្ទាល់ខ្លួន ត្រូវមានក្រមសីល​ធម៌ គោរពច្បាប់ចរាចរណ៍ និងមានការយោគយល់បានច្រើនពីអ្នកជិះនិងអ្នកធ្វើដំណើរ ដើម្បីកាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឲ្យបានច្រើន ។

សូមបញ្ជាក់ថា ក្រៅពីជំនួយឥតសំណងរថយន្ត១០០គ្រឿង ដែលផ្តល់ជូនដោយរដ្ឋាភិបាលចិនហើយ រាជរដ្ឋាភិបាល ជប៉ុន និងប្រគល់ជូនរថយន្តក្រុងចំនួន៨០គ្រឿងទៀតមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមរថយន្តចំនួន១៤០​គ្រឿងទៀតនៅដើមឆ្នាំ២០១៨ ខាងមុខនេះ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print