ខេត្តកំពង់ធំ៖ ក្មេងប្រុសអាយុ១ខួប បានលង់ទឹកជង្ហុកនៅខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមសម្ដីឪពុកក្មេងរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានដាំបាយនៅលើផ្ទះ ចំណែកប្រពន្ធបានទៅទិញម្ហូបនៅផ្សារកំពង់ថ្ម ដោយស្មានថា ប្រពន្ធយកកូនទៅជាមួយ មិនចាប់អារម្មណ៍ លុះប្រពន្ធមកពីផ្សារវិញ ទើបឃើញកូនដេកស្លាប់ផ្កាប់មុខនៅក្រឡុកមុខផ្ទះ។
ក្មេងរងគ្រោះឈ្មោះ អាង សំណាង ភេទប្រុស អាយុ១ខួប ឪពុកឈ្មោះហុក អ៊ី អាយុ៣៣ឆ្នាំ ម្តាយឈ្មោះសួង សុភ័ក្រ អាយុ២៣ឆ្នាំ ទីលំនៅដ្ឋាននៅភូមិ ឃុំកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ចធ្វើកុសល្យវិច័យលើសាកសពក្មេងប្រុសរងគ្រោះ ដោយសន្និដ្ឋានថា ក្មេងប្រុសពិតជាស្លាប់ដោយសារលង់ទឹកមែន មិនមានអ្វីផ្សេងទេ ទើបសមត្ថកិច្ចប្រគល់សាកសពជូនឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណី។
បងប្អូនប្រជាពលរដ្នសំណូមពរ ដល់ មាតាបិតាដែលមានតូចៗ មេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់នៅក្នុងរដូវវស្សានេះ ដើម្បីជៀសវាងកុំឱ្យមានការបាត់បង់សមាជិកក្រុមគ្រួសារ ជាពិសេសក្មេងតូចៗ និងចាស់ជរា៕ ប៊ុនរិទ្ធី