ធ្លាយរឿងមន្ត្រីពន្ធនាគារខេត្តព្រៃវែងវាយអ្នកទោសឲ្យរបួស

ចែករំលែក៖

ខេត្តព្រៃវែង៖ រឿងអនុប្រធានពន្ធនាគារខេត្តព្រៃវែងអនុញ្ញាតឲ្យទណ្ឌិតប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រគំរាម ទារប្រាក់ពីជនរងគ្រោះតាមបណ្តាញសង្គមហ្វេសប៊ុកមិនទាន់ដោះស្រាយចប់ផង ឥឡូវនេះ ស្រាប់តែលេចរឿងមន្ត្រី ពន្ធនាគារខេត្តព្រៃវែងវាយអ្នកទោសបណ្តាលឲ្យរបួសថែមទៀត។

ករណីហិង្សានេះ បើតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​កាលពី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ មាន​គណនី​ឈ្មោះ លី​នី សម័យ​តេ​ជោ ដោយ​ចុះផ្សាយ​ដាក់​ចំណងជើង​ថា “​មន្ត្រី​ប៉ូលីស​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ប្រើ​ហិង្សា​លើ​អ្នកទោស​យ៉ាង​សាហាវ​” និង​បាន​រៀបរាប់​ត្រួសៗ​ថា លោក​វរៈសេនីយឯក ឃា ផា ប្រធានការិយាល័យ​ប្រតិបត្តិ បាន​យក​កៅអី​វាយ​លើ​ទណ្ឌិត​ឈ្មោះ អ៊ួ​ន ចាន់​រឿន បណ្ដាល​ឲ្យ​បែកក្បាល​ប្រវែង ២​សង់ទីម៉ែត្រ នៅ​គ្រា​ដែល​ទណ្ឌិត និង​ទណ្ឌិត ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង​នោះ ឈ្លោះប្រកែក​គ្នា​។​

​លោក ជួប សារី​ម ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ថ្លែង​បញ្ជក់​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ នេះ ថា រឿង​ចោទថា កូនចៅ​លោក​វាយ​អ្នកទោស​នោះ​គ្មានទេ គឺ​អ្នកទោស វាយ​គ្នា​ទៅវិញទៅមក ហើយ​កូនចៅ​លោក​ចូលទៅ​ជួយ​ឃាត់​តែ​ប៉ុ​ណោះ​។ លោក​បន្ដថា នៅថ្ងៃនេះ លោក​នឹង​កោះហៅ​មន្ត្រី​របស់លោក​មក​សួរនាំ ពី​បញ្ហា​នេះ ដើម្បី​ធ្វើ​របាយការណ៍​ជូនទៅ​ខេត្ត​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ​ត្រី សន កែវ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់​តាម Telegram ថា ចំពោះ​ករណី ដែល​ផ្សាយ​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង ឈ្មោះ ឃា ផា បាន​វាយ​ទណ្ឌិត​បែកក្បាល​នោះ បើ​យោងតាម​របាយការណ៍​ប​ឋ​ម​ឲ្យ​ដឹងថា ជា​រឿង​មិន​ពិត​។ លោក​ថា ករណីនេះ គឺជា​វាយតប់​គ្នា​រវាង​ជន​ជាប់ឃុំ និង​ជន​ជាប់ឃុំ​តែប៉ុណ្ណោះ ប៉ុន្តែ​នៅពេលដែល​មន្ត្រី​ពន្ធនាគារ ចូលទៅ​ឃាត់​ក៏​បណ្តាល​ឲ្យ​កៅអី​ប៉ះ​ត្រូវ​ជន​ជាប់ឃុំ​រូបនេះ បណ្តាល​ឲ្យ​របួស​នៅ​ចុង​ចិញ្ចើម​បន្តិច​។​

​សូមបញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លី​នី សម័យ​តេ​ជោ បាន​លុបចោល​នៅ​អត្ថបទ​របស់ខ្លួន​ភ្លាមៗ ក្រោយពី​បង្ហោះ​បាន​ប្រមាន​ជាង​១០​នាទី ហើយ​គណនី​ដដែល​នេះ ក៏បាន​បង្ហោះ អត្ថបទ​ថ្មី​ភ្លាមៗ​មួយទៀត ដោយបាន​បញ្ជាក់​ចុងក្រោយ​យ៉ាង​ដូច្នេះ​ថា “​នាង​ខ្ញុំ​លុប​អត្ថបទ​អំពី​អំពើ​ហឹ​ង្សា​លើ​អ្នកទោស ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ដោយសារតែ​មានការ​ខ​ល មក​សំណូមពរក៏ប៉ុន្តែ​នាង​ខ្ញុំ​នឹង​ផុស​ម្តងទៀត ដរាបណា មាន​អំពើ​ហឹ​ង្សា​ទៅលើ​ទណ្ឌិត​”៕ ហេងសូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print