ខេត្តកណ្តាលៈ ក្មេងទំនើងមួយក្រុមមានគ្នា០៩នាក់ បន្ទាប់ពីផឹកស្រាស្រវឹងបាននាំគ្នាជិះម៉ូតូ ប្រដាប់ដោយអាវុធធ្វើសកម្មភាពស្រែកឡូឡាបង្កការអុកឡុកនៅក្នុងហាងតែគុជក្នុងបរិវេណក្រុមហ៊ុន7NG ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយសន្តិសុខប្រចាំនៅក្រុមហ៊ុនឡោមព័ទ្ធបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្មេងទំនើង៩នាក់ ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សុខុម សុខឃាង ហៅ ប៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ រ៉ឺន រៀម ហៅ រត្ឋ័ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ទាំង០២នាក់នេះមានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ទី៣-ឈ្មោះ នីន យុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី៤-ឈ្មោះ ព្រិល ជីឡា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី៥-ឈ្មោះ ម៉ី ម៉ុក ហៅសុខមួយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី៦-ឈ្មោះ ផេង ភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៧-ឈ្មោះ ភាន់ ភារ: ហៅនៅ ភេទប្រុស មុខរបរ កសិករ ទី៨-ឈ្មោះ សុខអេង ផានិត ហៅញ៉ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ទាំង០៦នាក់នេះមានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល និងទី៩-ឈ្មោះ ជា ភាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ដាវចំនួន០២ដើម ,ជំពាមកៅស៊ូ និងម៉ូតូចំនួន០៦គ្រឿងផងដែរ ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនសង្ស័យជាក្មេងទំនើងទាំងនេះបានជួបជុំគ្នាផឹកស្រារហូតស្រវឹងជោកជាំ ក៏បាននាំគ្នាជិះម៉ូតូទៅស្រែកឡូឡាបង្កការអុកឡុកនៅក្នុងហាងតែគុជ ស្ថិតនៅក្នុងក្រុមហ៊ុន7NG ។ភ្លាមៗនោះសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានសហការជាមួយសន្តិសុខប្រចាំក្រុមហ៊ុន ចេញអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ