តុលាការ​កំពុង​បន្ត​នីតិវិធី​ សំណុំរឿង​អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ករណីផលិតគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​សីហា​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ចំពោះ​សំណុំរឿង​លោក​ ញឹក​ ប៊ុន​ឆៃ​ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ពាក់ព័ន្ធ​បទល្មើស​កែច្នៃ​និង​ផលិត​គ្រឿង​ញៀន​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ពេល​នេះ​តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​ទេ​ ។​ នៅ​ថ្ងៃ​ទី​០៦​ ខែ​សីហា​ ទើប​តុលាការ​សាកសួរ​បន្ត​ទៀត​ ។

លោក​ ថា​ “​ បន្ទាប់ពីអយ្យការបានទទួលសំណុំរឿងនិងជនសង្ស័យឈ្មោះ ញឹក ប៊ុនឆៃ ហើយបានដំណើរការ​នីតិវិធី​សាកសួររួមការពិនិត្យឯកសារ​ពាក់ព័ន្ធ​នានា​ អយ្យការនឹងបន្តចំណាត់ការនៅថ្ងៃស្អែកទៀត(០៦សីហា​)​ដើម្បីសម្រេចអំពីរឿងនេះ ដោយរក្សាជនសង្ស័យនៅអង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print