ពលរដ្ឋ​៣នាក់​ក្នុង​ចំណោម​ជាង​២០០នាក់​ តវ៉ា​រឿង​ក្រុម​ហ៊ុន​ ឡេង​ ជីង​ បូម​ខ្សាច់បាក់​ច្រាំងនិង​ផ្ទះ​ធ្លាក់​ចូល​ទន្លេ​បាសាក់​ ត្រូវ​ព្រះ​រាជ​អាជ្ញា​ខេត្ត​កណ្ដាល​ កោះហៅ​ចូល​បំភ្លឺ

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ ពលរដ្ឋ​៣នាក់​ក្នុង​ចំណោម​ជាង​២០០នាក់​ ដែល​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ ឡេង​ ជីង​ បញ្ឈប់​ការ​​បូម​ខ្សាច់​លុប​បឹង​យក​ទៅ​សង់​ផ្ទះ​ល្វែង​សម្រាប់​លក់​ឲ្យ​មន្ត្រី​រាជការ បន្ទាប់ពី​មាន​ការ​បាក់​ច្រាំងនិង​ផ្ទះ​ពលរដ្ឋ​ធ្លាក់​ចូល​ទន្លេ​បាសាក់​នៅ​ក្នុង​ស្រុក​ស្អាង​ នោះ​ ឥឡូវ​នេះ​ ត្រូវបាន​លោក​ លាវ​ ស្រេង​ ព្រះរាជអាជ្ញានៃ​អយ្យការ​អមសាលាដំបូងខេត្តកណ្តាល​ កោះ​ហៅ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ ។

ប្រភព​ព័ត៌មាន​មួយ​ បញ្ជាក់​ថា​ លោក​ លាវ​ ស្រេង​ ព្រះរាជអាជ្ញានៃ​អយ្យការ​អមសាលាដំបូងខេត្តកណ្តាល​ បាន​កោះហៅ​លោកស្រី មុត ប៉ុម និង​លោកស្រី លី លាភ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ។​ ចំណែក​លោក ហែម ហឿន នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

ការ​កោះ​ហៅ​នេះ​ ធ្វើ​ឡើង​តាម​បណ្តឹង​របស់​លោក​ស្រី​ វណ្ណ​គឹមផា​ ដោយ​ចោទប្រកាន់​ពលរដ្ឋ​ទាំង​៣នាក់​ថា​ “​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សានិង​ធ្វើ​ឲ្យ​ខូចខាត​​ដោយ​ចេតនា​​​​ដល់​​ការ​​វិនិយោគ​ “។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៣នាក់​ គឺ​ លោកស្រី លី លាភ បញ្ជាក់​ថា​ លោកស្រី​​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​ ថា “​ ការ​ជួប​ជុំ​គ្នា​តវ៉ា​នេះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​ក្រុមហ៊ុននិង​អាជ្ញាធរ​បកស្រាយ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដលយ​ពលរដ្ឋ​មើល​ឃើញ​ថា បាន​ល្មើស​នឹង​កិច្ច​សន្យា​ដែល​ធ្លាប់​ព្រមព្រៀង​គ្នា​កន្លង​មក​ប៉ុណ្ណោះ​ “​ ។

​កាលពី​ថ្ងៃទី​៩​ ខែ​សីហា​ ឆ្នាំ​២០១៧​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើការ​តវ៉ា​ ​ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​លុប​បឹង​យក​ទៅ​សង់​ផ្ទះ​ល្វែង​សម្រាប់​លក់​ឲ្យ​មន្ត្រី​រាជការ បន្ទាប់ពី​មាន​ការ​បាក់​ច្រាំង និង​ផ្ទះ​ពលរដ្ឋ​ធ្លាក់​ចូល​ទន្លេ​បាសាក់​នៅ​ក្នុង​ស្រុក​ស្អាង​។

បន្ទាប់ពី​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​តូច​មិន​ទទួល​បាន​លទ្ធផល​នោះ​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​បាសាក់​បាន​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​បាក់​ច្រាំង និង​ផ្ទះ​ពលរដ្ឋ​ស្ថិត​ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់​ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នៅ​ទី​នោះ និង​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ឈប់​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ឲ្យ​ក្រុមហ៊ុន​បន្ត​ទៀត​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print