ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល ខណះបុរសម្នាក់ បានបើកសាករថយន្តទើបតែយកចេញពីទូរកុងតឺន័រ ក៏រថយន្តជាប់ហ្គ្រែរជ្រុលមុខបុករះ អ្នកលក់ដូរផ្លែឈើ រុឺមក់កង់បី កង់លក់ផ្លែឈើបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅឃ្លាំងលក់រថយន្តអត់មានលេខផ្លូវ២៣០ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង៣នាក់ដែលត្រូវរថយន្តបុកទី១ឈ្មោះ ហ៊ង ចាន់នា ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ០០៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះ ហែល សុខនី ប្រុសអាយុ២៧ឆ្នាំ មុខរបរលក់ដូរមានស្រុកកំណើតនៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវទី៣ឈ្មោះ ឆែម នីម ស្រីអាយុ៦៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិព្រែកតាបេស ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ឡើងទៅបើករថយន្តមួយគ្រឿងម៉ាក់ហាយលែនឌឺ ដែលទើបតែយកចេញពីទូរកុងតឺន័រ និងជាន់ហ្គែ្ររសាករថយន្តនិងដាក់លេខរថយន្តបញ្ចូលរួចក៍ជាប់ហ្គែ្ររយ៉ាងលឿន មកមុខឆ្លងផ្លូវ រួចជ្រុលទៅបុករះមនុស្សដែលកំពុងលក់ដូរនិងម៉ូតូកង់បីកង់២គ្រឿងហើយរុឺម៉ក់មួយគ្រឿងបណ្ដាលអោយមានមនុស្សរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃតែម្តង ។ ចំណែកបុរសម្នាក់ទៀតត្រូវបានរថយន្តមន្ទីរពេទ្យឯកជនមកដឹកយកទៅជួយសង្គ្រោះផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងតាមជំនាញ ហើយក្នុងហេតុការណ៍នោះគេឃើញមានបុរស២នាក់ដែលជាអ្នកតំណាងខាងរថយន្តបង្ក ដោយមានឈ្មោះ ហ៊ាហៀង ហ៊ានីប្រាប់ថាពួកគាត់ជាអ្នកដោះស្រាយ ជាមួយនគរបាលចរាចរណ៍និងជនរងគ្រោះ បន្ទាប់ពីធ្វើការវាស់វែងរួចហើយសមត្ថកិច្ចបានស្ទួចយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ស តារា