ភ្នំពេញ : ទីតាំងហ្គេមបាញ់ត្រីនិងណេត២៤ម៉ោងជាង១០កន្លែងស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅដែលសម្ងំរកស៉ីខុសច្បាប់ជាយូមកហើយនោះ ពេលនេះចាប់បិទជាបណ្តើរៗហើយបន្ទាប់ពីអាជ្ញាធរខណ្ឌមានវិធានការតឹងរ៉ឹងអញ្ជើញម្ចាស់ទីតាំងទាំងអស់មកធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មដោយខ្លួនឯងដោយគ្មានលក្ខខ័ន្ត ។
ការព្យាយាមរបស់អាជ្ញាធរខណ្ឌដើម្បីលប់បំបាត់ទីតាំងបើកហ្គែមខុសច្បាប់ជ្រកក្រោមស្លាកអ៉ីនធើណេត២៤ម៉ោង និងហ្គែមបាញ់ត្រីនេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព ” អោយមានប្រសិទ្ធភាព ដើម្បីពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋាន ។
ពាក់ព័ន្ធនិងបញ្ហានេះលោកណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ដូច្នេះថា អនុវត្តតាមគោលការណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៍ដូចជាការណែនាំរបស់លោកអភិបាលខណ្ឌច្បារអំពៅ កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌបានអញ្ជើញម្ចាស់ទីតាំងបើកហ្គែមបាញ់ត្រីនិងទីតាំងបើកណេត២៤ម៉ោងមកប្រជុំណែនាំដើម្បីផ្សព្វផ្សាយពីគោលការរបស់សាលារាជធានីភ្នំពេញនិងវិធានការរបស់គណៈបញ្ជាការឯកភាពខណ្ឌ ។ បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំងបើកហ្គែមបាញ់ត្រីនិងបើកណេតទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបិទអាជីវកម្មដោយខ្លួនឯង ។ មកដល់ពេលនេះទីតាំងជាង១០កន្លែងនៅក្នុងសង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ បានបិទអស់ហើយ ដោយឡែកចំពោះទីតាំងទទួលបញ្ចាំគណៈបញ្ជាការឯកភាពកំពុងតែធ្វើការត្រួតពិនិត្យទៅលើឯកសារពាក់ព័ន្ធនីតិវិធីច្បាប់ ។
លោកអភិបាលរងបានបន្តថា ប្រសិនបើពិនិត្យឃើញមានម្ចាស់ទីតាំងមួយចំនួនទៀតមិនព្រមអនុវត្តតាមកិច្ចសន្យាទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងប្រើប្រាស់កម្លាំងចម្រុះចុះបិទតែម្តង ហើយម្ចាស់ទីតាំងនោះអាចប្រឈមនិងផ្លូវច្បាប់ទៀតផង ។
ជាមួយនិងវិធានការលប់បំបាត់ទីតាំងបើកហ្គែមបាញ់ត្រី និង បើកអ៉ីនធើណេត២៤ម៉ោងនេះដែរ ប្រជាពលរដ្ឋមានការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ យ៉ាងណាក៍ដោយក្នុងនាមអាជ្ញាធរខណ្ឌច្បារអំពៅសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ពត៍មានមកគណៈបញ្ជាការឯកភាពខណ្ឌពីទីតាំងបើកហ្គែម ទីតាំងលេងល្បែងស៉ីសង និងមុខសញ្ញាជនសង្ស័យផ្សេងៗ ដើម្បីមានវិធានការបង្ក្រាប់ ។
ការចូលរួមផ្តល់ពត៍មានអោយអាជ្ញាធរបានដឹងនិងឈានដល់ការបង្ក្រាបមានន័យថាបងប្អូនបានចូលរួមអនុវត្តគោលនយោបាយ ” ភូមិ សង្កាត់ មានសុវត្ថិភាព ” អោយមានប្រសិទ្ធភាព ៕ សណ្តោស