ខេត្តត្បូងឃ្មុំ ៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់បាត់បាត់បង់ជីវិត នៅពេលផឹកស្រាស្រវឹងទាំងព្រឹកព្រលឹម ហើយដើរលើស្ពានធ្លាក់ចូលក្នុងទឹក ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្ពានមុខវត្តទួលដំបង ស្ថិតក្នុងភូមិទួលដំបង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អេង ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ នៅភូមិជីរោទិ៍លើ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។ ដោយនៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅដកមេ(ផឹកស្រា)ទាំងព្រឹកព្រលឹម ដូចសព្វមួយដង ហើយដើរទៅបាត់ ស្រាប់តែដល់វេលាកើតហេតុ មានគេប្រទះឃើញស្ត្រីរងគ្រោះបានលង់ទឹកស្លាប់ នៅចំណុចកើតហេតុខាងលើតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យលើសាកសពស្ត្រីរងគ្រោះ ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ដោយសារស្រវឹងស្រា។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ