ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ក្នុងនោះសូមបញ្ជាក់ថា៖ លោក វរសេនីយ៍ឯក ហែម បូណារ៉ែល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ចំណែកឯ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ។ ក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនេះផងដែរមានការអញ្ជើញចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ឯកៗជាមេបញ្ជាការរង លោកឧត្តមសេនីយ៍ទោៗ ជាស្នងការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លោកស្នងការ លោកមេបញ្ជាការយោធាខេត្ត លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការ-មេបញ្ជាការង នាយ-នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងអស់លោកជាប្រធានមន្ទីរជុំវិញខេត្តមណ្ឌលគិរី៕
ដោយ៖ សុខ ខេមរា