សិស្សសាលា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ចំណីអាហារ

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ក្រសួងសុខាភិបាល​ និង​ក្រសួងមហាផ្ទៃ​ ជា​សេនាធិការ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ លើ​កិច្ចការ​សុខភាព​ចំណីអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ។​

២

ជាក់ស្ដែង​ថ្មីៗ​កន្លង​ទៅ​នេះ​ កាំកុងត្រូល​នៅ​តាម​តំបន់​ត្រួតពិនិត្យ​នានា​ បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​នៅ​តាម​បណ្ដា​ទីផ្សារ​នានា​ទូ​ទាំង​រាជធានី​ខេត្ត​ ដើម្បី​ត្រួតពិនិត្យ​ និង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​អាជីវករ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដល់​ការ​លក់ដូរ​ចំណីអាហារ​ ជៀសវៀង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អតិថិជន​ ក្នុង​នោះ​មន្ដ្រី​កាំកុងត្រូល​ក៏​បាន​រក​ឃើញ​ថា​ ទំនិញ​មួយ​ចំនួន​ដែល​ដាក់​លក់​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គ្មាន​ស្ដងដារ​ និង​ហួស​កាលបរិច្ឆេទ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​យ៉ា​ង្ល​ខ្លាំង​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ​។​ ​

​ទោះជា​យ៉ាងនេះ​ក្ដី​ សកម្មភាព​ទាំងនេះ​ នៅ​តែ​ពុំ​ទាន់​អាច​មាន​ប្រសិទ្ធភាព​ពេញលេញ​១០០​ភាគរយ​នៅឡើយ​ទេ​ ព្រោះតែ​មក​ដល់​ពេល​នេះ​ គេ​នៅ​តែ​សង្កេត​ឃើញ​ថា​ ចំណីអាហារ​ដែល​មិន​មាន​អនាម័យ​ និង​ហួស​កាលបរិច្ឆេទ​កំណត់​ នៅ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅឡើយ​ ជា​ពិសេស​កុមារ​ ដែល​គេ​តែង​ឃើញ​មាន​ករណី​ពល​អាហារ​កើត​មាន​ជា​ញឹកញាប់​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​។​

​លោក​ អាំង​ ហុ​ក​ស្រ៊ុ​ន​ ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ បរិក្ខារ​ពេទ្យ​ និង​គ្រឿងសំអាង​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ចំណីអាហារ​ដែល​ដាក់​តាំង​លក់​នៅ​តាម​សាលា​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​៨០​ភាគរយ​មិន​មាន​អនាម័យ​ទេ​ ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ទិញ​បរិភោគ​ប៉ះពាល់​ដល់​សុខភាព​ពិសេស​ខ្វះ​អាហារូបត្ថម្ភ​ទៀត​ផង​ ដោយសារ​អ្នកលក់​ប្រើ​ខ្លាញ់​ច្រើន​ពេក​។​

​លោក​បាន​បញ្ជាក់​ថា​ «​មាន​សិស្ស​ប្រមាណ​ពី​៧០​ទៅ​៨០​ភាគរយ​បាន​ទិញ​ចំណីអាហារ​បរិភោគ​នៅ​ក្នុង​សាលា​និង​ក្រៅ​សាលា​ជា​អាហារ​សម្រាប់​ពេល​ព្រឹក​ ថ្ងៃត្រង់​ និង​ពេល​រសៀល​ ហើយ​ចំណីអាហារ​ទាំងនោះ​មិន​មាន​លក្ខណៈ​អនាម័យ​ត្រឹមត្រូវ​នោះ​ទេ​»​។​

​លោក​ អាំង​ ហុ​ក​ស្រ៊ុ​ន​ បាន​មាន​ប្រសាសន៍​ថា​ នៅ​តាម​បណ្ដា​សាលា​នានា​ ជា​ពិសេស​គឺ​សាលា​បឋម​សិក្សា​ គេ​បាន​រក​ឃើញ​ថា​ ការ​ដាក់​លក់​អាហារ​មិន​មាន​អានា​ម័​យ​ត្រឹមត្រូវ​នោះ​ទេ​ ពោល​គឺ​អ្នកលក់​ បាន​ដាក់​លក់​ដោយ​មិន​បាន​បិទ​គ្រប​ការពារ​ ដាក់​លក់​នៅ​ជិត​គំនរ​សំរាម​ និង​ប្រើប្រាស់​ទឹក​កខ្វក់​ក្នុង​ការ​ចម្អិន​ និង​លាង​សម្អាត​។​ លើស​ពី​នេះ​ទៀត​ ចំណីអាហារ​ទាំងនោះ​ ក៏​ពុំ​ទាន់​មាន​អាហា​រូប​ត្ថ​ភ្ភ​គ្រប់គ្រាន់​ ព្រោះតែ​អ្នក​ធ្វើ​ពុំ​មាន​បច្ចេកទេស​ត្រឹមត្រូវ​។​

​លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ «​ដើម្បី​អភិវឌ្ឍ​កុមារ​ សុវត្ថិភាព​ចំណីអាហារ​អាហារូបត្ថម្ភ​ និង​អនាម័យ​មាន​សារៈសំខាន់​ណាស់​។​ ដូចនេះ​អ្នក​លក់ដូរ​នៅ​តាម​សាលា​ ក៏​មាន​តួនាទី​សំខាន់​ដែរ​ក្នុង​ការ​ធ្វើ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ​។​ ដូចនេះ​សូមអ្នក​លក់ដូរ​តាម​សាលា​សូម​ធ្វើ​ជា​គំរូ​ចាប់តាំងពី​កន្លែង​លក់​ ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​ស្អាត​អនាម័យ​ ដើម្បី​សុខភាព​សិស្សានុសិស្ស​របស់​យើ​។​ បើ​ចំណីអាហារ​របស់​ស្រុក​យើង​ប្រកបដោយ​អនាម័យ​និង​មាន​សុវត្ថិភាព​នោះ​ វា​គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្លៀវ​ទេសចរណ៍​ និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ លោក​ស៊ុន​ ចាន់​ថុ​ល​ ក៏​ធ្លាប់​បាន​លើក​ឡើង​ក្នុង​ន័យ​ជំរុញ​ឲ្យ​មន្ត្រី​នៃ​នាយកដ្ឋាន​កាំកុងត្រូល​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ ជា​ជាង​ការ​ចុះ​ពិនិត្យ​ទំនិញ​គ្មាន​គុណភាព​នៅ​តាម​ទីផ្សារ​រាប់​ម៉ឺន​នៅ​ម្ពុ​ជា​នោះ​ ហើយ​ថា​ការ​ទប់ស្កាត់​បាន​ទំនិញ​ឆ្លង​ដែន​ខូចគុណភាព​ គឺ​ងាយស្រួល​ជាង​ការ​ដើរ​ តត្រុក​តាម​ផ្សារ​។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ទៀត​ថា​ «​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ការពារ​ឲ្យ​បាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​។​ ការ​ការពារ​នេះ​យើង​មិន​ត្រឹមតែ​ចុះ​ពិនិត្យ​ចំណីអាហារ​តាម​ផ្សារ​ទេ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​កុំ​ឲ្យ​ចូល​មក​ដល់​ក្នុងស្រុក​យើង​ ទប់ស្កាត់​នៅ​តាម​ព្រំដែន​ បើ​យើង​ទប់ស្កាត់​មិន​បាន​ ហើយ​ យើង​ដើរ​ត្រួតពិនិត្យ​ផ្សារ​រាប់​ម៉ឺន​ផ្សារ​ ពិបាក​ណាស់​ត្រូវ​ចាប់​នៅ​តាម​ ព្រំដែន​ឲ្យ​ហើយ​កុំ​ឲ្យ​ចូល​មក​ដល់​ផ្សារ​ នោះ​គឺ​ល្អ​ជាង​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ក៏​បាន​ជំរុញ​ ឲ្យ​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ពន្យល់​ដល់​ពាណិជ្ជករ​អំពី​ផលវិបាក​នៃ​ការ​នាំ​ចូល​ទំនិញ​ខូចគុណភាព​ និង​ហួសការ​បរិច្ឆេទ​ឲ្យ​បាន​កាត់​តែ​ច្បាស់​ ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ថា​ នៅ​ពេល​ដែល​ពួក​គាត់​នាំ​ចូល​អាច​ទទួល​រង​នូវ​ការ​ខាតបង់​ទំនិញ​ថវិកា​ និង​អាច​មានទោស​ទណ្ឌ​ថែម​ទៀត​៕​

1

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print