ភ្នំពេញ៖ នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ជាសេនាធិការបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ លើកិច្ចការសុខភាពចំណីអាហារសម្រាប់ប្រជាពលរដ្ឋទូទៅ ។
ជាក់ស្ដែងថ្មីៗកន្លងទៅនេះ កាំកុងត្រូលនៅតាមតំបន់ត្រួតពិនិត្យនានា បានចុះធ្វើសកម្មភាពត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារនានាទូទាំងរាជធានីខេត្ត ដើម្បីត្រួតពិនិត្យ និងជម្រុញឲ្យប្រជាពលរដ្ឋអាជីវករទាំងអស់បង្កើនការប្រុងប្រយ័ត្នដល់ការលក់ដូរចំណីអាហារ ជៀសវៀងបង្កផលប៉ះពាល់ដល់សុខភាពរបស់អតិថិជន ក្នុងនោះមន្ដ្រីកាំកុងត្រូលក៏បានរកឃើញថា ទំនិញមួយចំនួនដែលដាក់លក់ត្រូវបានផលិតឡើងដោយគ្មានស្ដងដារ និងហួសកាលបរិច្ឆេទ ដែលអាចបង្កផលប៉ះពាល់យ៉ាង្លខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ។
ទោះជាយ៉ាងនេះក្ដី សកម្មភាពទាំងនេះ នៅតែពុំទាន់អាចមានប្រសិទ្ធភាពពេញលេញ១០០ភាគរយនៅឡើយទេ ព្រោះតែមកដល់ពេលនេះ គេនៅតែសង្កេតឃើញថា ចំណីអាហារដែលមិនមានអនាម័យ និងហួសកាលបរិច្ឆេទកំណត់ នៅតែបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅឡើយ ជាពិសេសកុមារ ដែលគេតែងឃើញមានករណីពលអាហារកើតមានជាញឹកញាប់ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
លោក អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងបានមានប្រសាសន៍ឲ្យដឹងថា ចំណីអាហារដែលដាក់តាំងលក់នៅតាមសាលានានានៅក្នុងរាជធានីភ្នំពេញមាន៨០ភាគរយមិនមានអនាម័យទេ ដែលធ្វើឲ្យសិស្សានុសិស្សទិញបរិភោគប៉ះពាល់ដល់សុខភាពពិសេសខ្វះអាហារូបត្ថម្ភទៀតផង ដោយសារអ្នកលក់ប្រើខ្លាញ់ច្រើនពេក។
លោកបានបញ្ជាក់ថា «មានសិស្សប្រមាណពី៧០ទៅ៨០ភាគរយបានទិញចំណីអាហារបរិភោគនៅក្នុងសាលានិងក្រៅសាលាជាអាហារសម្រាប់ពេលព្រឹក ថ្ងៃត្រង់ និងពេលរសៀល ហើយចំណីអាហារទាំងនោះមិនមានលក្ខណៈអនាម័យត្រឹមត្រូវនោះទេ»។
លោក អាំង ហុកស្រ៊ុន បានមានប្រសាសន៍ថា នៅតាមបណ្ដាសាលានានា ជាពិសេសគឺសាលាបឋមសិក្សា គេបានរកឃើញថា ការដាក់លក់អាហារមិនមានអានាម័យត្រឹមត្រូវនោះទេ ពោលគឺអ្នកលក់ បានដាក់លក់ដោយមិនបានបិទគ្របការពារ ដាក់លក់នៅជិតគំនរសំរាម និងប្រើប្រាស់ទឹកកខ្វក់ក្នុងការចម្អិន និងលាងសម្អាត។ លើសពីនេះទៀត ចំណីអាហារទាំងនោះ ក៏ពុំទាន់មានអាហារូបត្ថភ្ភគ្រប់គ្រាន់ ព្រោះតែអ្នកធ្វើពុំមានបច្ចេកទេសត្រឹមត្រូវ។
លោកបានផ្ដល់អនុសាសន៍ថា «ដើម្បីអភិវឌ្ឍកុមារ សុវត្ថិភាពចំណីអាហារអាហារូបត្ថម្ភ និងអនាម័យមានសារៈសំខាន់ណាស់។ ដូចនេះអ្នកលក់ដូរនៅតាមសាលា ក៏មានតួនាទីសំខាន់ដែរក្នុងការធ្វើឲ្យកុមារមានសុខភាពល្អ។ ដូចនេះសូមអ្នកលក់ដូរតាមសាលាសូមធ្វើជាគំរូចាប់តាំងពីកន្លែងលក់ ការវេចខ្ចប់ឲ្យបានល្អស្អាតអនាម័យ ដើម្បីសុខភាពសិស្សានុសិស្សរបស់យើ។ បើចំណីអាហាររបស់ស្រុកយើងប្រកបដោយអនាម័យនិងមានសុវត្ថិភាពនោះ វាគឺជាការចូលរួមចំណែកក្នុងការទាក់ទាញភ្លៀវទេសចរណ៍ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
ទាក់ទិននឹងបញ្ហានេះដែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស៊ុន ចាន់ថុល ក៏ធ្លាប់បានលើកឡើងក្នុងន័យជំរុញឲ្យមន្ត្រីនៃនាយកដ្ឋានកាំកុងត្រូលទាំងអស់ខិតខំប្រឹងប្រែងទប់ស្កាត់ទំនិញគ្មានគុណភាពឆ្លងកាត់ព្រំដែនឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ជាជាងការចុះពិនិត្យទំនិញគ្មានគុណភាពនៅតាមទីផ្សាររាប់ម៉ឺននៅម្ពុជានោះ ហើយថាការទប់ស្កាត់បានទំនិញឆ្លងដែនខូចគុណភាព គឺងាយស្រួលជាងការដើរ តត្រុកតាមផ្សារ។
លោក ស៊ុន ចាន់ថុល បានថ្លែងទៀតថា «យើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាការពារឲ្យបាននូវសុវត្ថិភាពម្ហូបអាហារ។ ការការពារនេះយើងមិនត្រឹមតែចុះពិនិត្យចំណីអាហារតាមផ្សារទេយើងត្រូវខិតខំប្រឹងប្រែងទប់ស្កាត់កុំឲ្យចូលមកដល់ក្នុងស្រុកយើង ទប់ស្កាត់នៅតាមព្រំដែន បើយើងទប់ស្កាត់មិនបាន ហើយ យើងដើរត្រួតពិនិត្យផ្សាររាប់ម៉ឺនផ្សារ ពិបាកណាស់ត្រូវចាប់នៅតាម ព្រំដែនឲ្យហើយកុំឲ្យចូលមកដល់ផ្សារ នោះគឺល្អជាង»។
ជាមួយគ្នានេះដែរលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញ ឲ្យមន្ត្រីកាំកុងត្រូលធ្វើការពន្យល់ដល់ពាណិជ្ជករអំពីផលវិបាកនៃការនាំចូលទំនិញខូចគុណភាព និងហួសការបរិច្ឆេទឲ្យបានកាត់តែច្បាស់ ដើម្បីឲ្យពួកគាត់ដឹងថា នៅពេលដែលពួកគាត់នាំចូលអាចទទួលរងនូវការខាតបង់ទំនិញថវិកា និងអាចមានទោសទណ្ឌថែមទៀត៕
ដោយ៖ វិបុល