គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់រថយន្តដឹកដី ,ខ្សាច់ ៨គ្រឿងមិនព្រមគោរពការណែនាំ

ចែករំលែក៖

ភ្នំពេញៈ រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ឫស្សីកែវចាប់ឃាត់រក្សាទុកជាបណ្ដោះអាសន្ន និងព្រមានធ្ងន់ៗចំពោះអ្នកបើកបរឲ្យក្រុមហ៊ុនតាមដេប៉ូបូមខ្សាច់នីមួយៗ ដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្នុងការដឹកជញ្ជូនមិនលាងកង់រថយន្ដ មិនបានគ្របដណ្ដប់តង់លើរថយន្ដឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននឹងបើកបរចេញពីក្រុមហ៊ុនដេប៉ូខ្សាច់របស់ខ្លួនបង្កឲ្យមាន ហូរទឹកកក្លាក់ និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ។ ក្នុងការឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿងខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រោមការការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ជាអ្នកអនុវត្តផ្ទាល់ ។

បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានបញ្ជាក់ថា ចំពោះវិធានការចាប់ រថយន្ដដឹកដី និងព្រមានធ្ងន់ៗ ទាំងអ្នកបើកបរបែបនេះ ក៏ព្រោះតែកន្លងមកអាជ្ញាធរបានធ្វើការណែនាំ ជាច្រើនលើក ច្រើនសាណាស់មកហើយ ឲ្យអ្នកធ្វើអាជីវកម្មដឹកដី និងខ្សាច់គោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា មិនត្រូវបើកបរលឿន ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ហើយចាំបាច់ត្រូវបង្កើតឲ្យមានទីតាំងសម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក ឬសើមនោះទេ។ ពិសេសទៀតនោះត្រូវមានការគ្របតង់ពីលើដីឲ្យបានត្រឹមត្រូវជាមុនសិន មុននឹងធ្វើចរាចរណ៍ដឹក ចេញពីដេប៉ូ ។ការណែនាំនោះគឺជំហានដំបូងលើកទី១-បើក្នុងករណីអ្នកបើកបររថយន្ដដឹកដីមិនអនុវត្តតាម ហើយនៅតែបន្តបំពាន នោះប្រាកដជាត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ ។ជំហានទី២-បើអ្នកបើកបរនៅតែគឃ្លើន មិនអនុវត្តតាមការណែនាំ ដដែល ជាដដែល នោះនិងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ និងជំហានទី៣-និងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែតែម្ដង ដោយមិនលើកលែងបានឡើយ។ យ៉ាងណារថយន្តទាំង៨គ្រឿងនេះ ព្រោះតែមិនអនុវត្តតាមការណែនាំរបស់សាលាខណ្ឌដូចខាងលើ ទើបអាជ្ញាធរឃាត់ទុកច្រើនថ្ងៃ ចាត់ទុកជាការព្រមាននិងពិន័យ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print