ខេត្តរតនគិរី៖ អំពើហិង្សាក្នុងគ្រួសារមួយនៅស្រុកកូនមុំករណីភ្លើងប្រចណ្ឌធ្វើឲ្យបុរសម្នាក់ជាប្តីបានយកកាំបិតផ្គាគ់កាប់ប្រពន្ធស្ទើរស្លាប់ស្ទើររស់ ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិ3 ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
លោកភោគ សារិទ្ធ អធិការស្រុកកូនមុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វាង ធិន ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកបានបន្តទៀតថា ជនសង្ស័យបានប្រចណ្ឌប្រពន្ធច្រើនខែមកហើយ ខណៈដែលជនសង្ស័យជាប្តីពេលដែលផឹកស្រាចូលក្នុងពោះម្តងៗ តែងមកឈ្លោះប្រកែក ជាមួយប្រពន្ធ និងប្រមាណកាប់សម្លាប់ចោលជាច្រើនដង ទើបមកដល់ថ្ងៃកើតហេតុខាងលើនេះជនសង្ស័យបានមកពីផឹកស្រាជាមួយមិត្តភ័ក្ត្រក្នុងភូមិហើយបានត្រឡប់មកដល់ផ្ទះវិញ ក៏ឈ្លោះប្រកែកប្រពន្ធ២-៣ម៉ាត់ក៏ស្ទុះទៅយកកាំបិតផ្គាគ់កាប់ប្រពន្ធប៉ិះដាច់ កស្លាប់ ក្រោយពីកាប់ហើយសាច់ញាតិក្នុងភូមិបានបញ្ជូនសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំ តែគ្រូពេទ្យប្រាប់ថារបួសធ្ងន់ខ្លាំងពេកមិនអាចព្យាបាលបានទេ ឲ្យសាច់ញាតិបញ្ជូនទៅភ្នំពេញជាបន្ទាន់ ។
ចំណែកជនសង្ស័យជាប្តីបានកាប់ប្រពន្ធហើយនោះរត់គេចខ្លួនទៅពួននៅចំការក្បែរភូមិនោះ ប៉ុន្តែសមត្ថកិច្ចបានពង្រាយកម្លាំងគ្រប់ច្រកល្ហកតាមចាប់ជនសង្ស័យនោះបាន ហើយក៏បានមកអធិការស្រុកកូនមុំ ដើម្បីចាត់ការតាមនិតីវិធិច្បាប់។
នារដូវបុណ្យភ្ជុំនេះក្រុមគ្រួសារគេដទៃគេប្រឹងធ្វើបុណ្យធ្វើទាន ចំណែកគ្រួសារមួយនេះគិតតែពីឈ្លោះគ្នាទាស់ទែងគ្នា រហូតដល់កើតមានអំពើហិង្សា ធ្វើឲ្យប្តីជាប់គុក ចំណែកប្រពន្ធដេកពេទ្យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកូនមុំ ធ្វើសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ អ៊ុច សាវុទ្ធ