ខេត្តឧត្តរមានជ័យ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ នេះថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ២ ថ្ងៃ ជាប់ៗគ្នានៅក្នុងខេត្តឧត្តមានជ័យ បានបង្កឲ្យទឹកក្នុងអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងដល់កម្ពស់ ៣,៣៤ ម៉ែត្រ ខណៈដែលកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៣,៥០ ម៉ែត្រ ។
គួររំលឹកថា កាលពីចុងខែកក្តដាកន្លងទៅ កម្ពស់ទឹកក្នុងអាងតាម៉ុកធ្លាប់បានឡើងខ្ពស់ហួសកំរិតប្រកាសអាសន្ន ដែលបណ្តាលជន់លិចស្ពានដែលឆ្លងកាត់អាងទឹកនេះ ហើយការធ្វើចរាចរណ៍លើស្ពាននេះត្រូវបានផ្អាកទាំងស្រុងផងដែរ។
សូមជំរាបថា បើយោងតាមការព្យាការណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា នៅថ្ងៃទី២៧ ខែសីហាខាងមុខ សម្ពាធទាបមួយវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រនឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧៕ ប៉ែន នួន