កណ្តាលៈសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលស្រុកកោះធំ ធ្វើការបង្រ្កាបចាប់ខ្លួនបុរសជនជាតិសិង្ហបូរីម្នាក់ បម្រើការងារនៅក្នុងកាស៊ីណូគ្រេនដ្ក្រាហ្គនវីសត កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងភូមិសាស្ត្រ ឃុំសំពៅពូន ស្រុកកោះធំ ពាក់ព័ន្ធករណីគំរាមទារប្រាក់ចំនួន៥០០០ដុល្លាសហរដ្ឋអាមេរិកពីបុរសជនជាតិម៉ាឡេស៊ី ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ CHEANG QIAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិសិង្ហបូរី មុខរបរ បុគ្គលិកកាស៊ីណូគ្រេនដ្ក្រាហ្គនវីសត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្រោយពីចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។ ចំណែកឯជនរងគ្រោះឈ្មោះ CHANG WIN HUI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិម៉ាឡេស៊ី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤០១ ផ្លូវ១៨ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជនសង្ស័យ២នាក់នៅក្នុងបន្ទប់លេខ៥០៥ នៃខុនដូរ កាឡាក់ស៊ី ប្រេស៊ីដិន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តឹងជនរងគ្រោះពាក់ពន្ធគំរាមទារប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងអ៊ីម៉ែល ចំនួន៥០០០ដុល្លាសហរដ្ឋអាមេរិក ។
ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យខាងលើនេះបន្តទៀត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ស្អាងជ័យ