ប៉ូលិស និងក្រុមបាតុករជាច្រើននាក់បានរងរបួស បន្ទាប់ពីផ្ទុះការតវ៉ាទាក់ទងរឿងសំរាមស្អុយរលួយនៅតាមទីក្រុង និងមានការបង្ក្រាមពីសំណាក់ក្រុមសមត្ថកិច្ចនោះរួចមក ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងលីបង់ ប្រទេសប៉េរ៉ូ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមបូព៌ាបានរាយការណ៍ថា មនុស្សជាច្រើននាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មនៅតាមដងផ្លូវនានាកាលពីថ្ងៃទី៨ ខែតុលា ដើម្បីប្រឆាំងរដ្ឋាភិបាលដែលក្រុមបាតុករមើលឃើញថា ជារដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយ និងអសមត្ថភាពនៅក្នុងការដោះស្រាយទៅលើវិបត្តិសំរាមក្នុងរដ្ឋធានីនោះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ក្រុមបាតុករ ក្រៅពីស្រែកប្រកាសរិះគន់រដ្ឋាភិបាលថា ជារដ្ឋាភិបាលពុករលួយ និងអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហារឿងសំរាមនោះ ពួកគេនៅថែមគប់ដុំថ្ម និងវត្ថុរឹងដទៃផ្សេងទៀតទៅលើសមត្ថកិច្ចថែមទៀតផង ។
‘ដោយមូលហេតុនេះហើយ ទើសមត្ថកិច្ចចាប់ផ្តើមវិធានការបំបែកក្រុមបាតុករ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកក្រុមបាតុករទាំងនោះ ព្រមទាំងមានការចាប់ខ្លួនក្រុមបាតុករមួយចំនួនផងដែរ ។
សេចក្តីរាយការណ៍បានបញ្ជាក់ដែរថា ទាំងប៉ូលិស និងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមបាតុករផងដែរ សុទ្ធតែរងរបួសរៀងខ្លួន ។ បាតុករខ្លះត្រូវប៉ូលិសចាប់ឃុំខ្លួនផងដែរ ។
ទីភ្នាក់ងារព័ត៌មាន Daily Star បានផ្សព្វផ្សាយថា ប៉ូលិស៥នាក់បានរងរបួស និងជាង៣០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររងគ្រោះក្នុងការគប់ដុំថ្មពីសំណាក់ក្រុមបាតុករ ។ ប្រភពបន្តថា ជាមួយគ្នានេះដែរ បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ដោយសារតែធ្វើឲ្យមានអំពើហិស្សាកើតឡើងទាក់ទងការធ្វើបាតុកម្មខាងលើនេះ ។
ស្ថានការណ៍នៅក្នុងប្រទេសប៉េរ៉ូបានតានតឹងខ្លាំងឡើងចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥រៀងរហូតមក បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការប្រើប្រាស់កន្លែងចាក់សំរាមមួយកន្លែងឲ្យនៅក្នុងទីប្រជុំជន al-Naameh នោះជាហេតុធ្វើឲ្យមានការកកស្ទះសំរាមស្អុយរលួយនៅក្នុងទីប្រជុំជន គ្មានការប្រមូលឲ្យបានទាន់ពេលវេលា ។
ចំណុចនេះផងដែរធ្វើឲ្យរសើបដល់គោលនយោបាយដឹកនាំប្រទេសនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត