ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌកាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧បានចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករដាក់តាំងលក់ ដូរនិងនិងណែនាំកុំឲ្យលើកប៉ាណូរំលោភលើចិញ្ចើមផ្លូវលេខ១១២ និងផ្លូវលេខ ២១៥ ក្បែរស្តុបDN សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយរកស៊ី តាំងលក់លើសពី ១ភាគ ៣នៃចិញ្ចើមផ្លូវ។
ក្នុងពេលនោះអាជ្ញាធរ ខណ្ឌទួលគោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលកំពុងតែយកចិញ្ចើមផ្លូវធ្វើអាជីវកម្មបានជ្រាបផងដែរថា ទី១.អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋដាក់តាំងលក់ទំនិញ ម្ហូបអាហារ ដាក់តាំងលក់ សម្ភារផ្សេងៗ ឬធ្វើរបងព័ទ្ធបិទនៅលើ ចិញ្ចើមផ្លូវ និងនៅលើទ្រូងផ្លូវសាធារណៈ ឡើយ ទី២ មិនអនុញ្ញាតឲ្យបងប្អូនចតរថយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ សំខាន់ៗដែលមានស្លាកសញ្ញាហាមចត ឡើយ ទី៣ អនុញ្ញាតជូនបងប្អូនជាបណ្តោះ អាសន្នដើម្បីធ្វើការដាក់តាំងលក់ទំនិញ ម្ហូបអាហារ ឬដាក់តាំងសម្ភារផ្សេងៗបានត្រឹមតែ១ភាគ៣នៃចិញ្ចើមផ្លូវតាមមុខផ្ទះរៀងៗខ្លួនប៉ុណ្ណោះ ទី៤ រដ្ឋបាលខណ្ឌ ទួលគោកទុកពេលជូនបងប្អូនដើម្បីរៀបចំ និង កែសម្រួលដោយខ្លួនឯង និងទី៥ ក្នុងករណីដែលបងប្អូនមិនគោរពតាមសេចក្តីជូន ដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ វិធានការតាមនីតិវិធីដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្ភារ របស់បងប្អូនឡើយ ។
យ៉ាងណាការរៀបចំសណ្តាប់ធ្នាប់នេះត្រូវបានអាជ្ញាធរមូលដ្ឋានប្រាប់ថា គឺធ្វើ ឡើងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងកិច្ចប្រជុំនៃការ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់រាជធានីភ្នំពេញថា ការសម្រេចយកផ្លូវធំៗចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ ធ្នាប់ ក្នុងនោះរួមមានមហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហ ព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនី រ៉េត ហ្សាលដឺហ្គោល ផ្លូវលេខ២៧១ និង ផ្លូវលេខ៧០។
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោកមួយចំនួនបានលើកឡើងថា ការបំពាន យកចិញ្ចើមផ្លូវធ្វើអាជីវកម្មដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អាជីវករមួយចំនួននេះ មិន មែនមានតែនៅសង្កាត់ផ្សារដេប៉ូទី៣នេះ ទេ នៅខណ្ឌទួលគោក សូមអាជ្ញាធរមូល ដ្ឋានក្រឡេកទៅមើលតាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ជាពិសេស ម្តុំផ្សារសំណង់១២ មានផ្ទះជាច្រើនធ្វើ សំយាបលក់ដូរលើលូបង្ហូរទឹក(ផ្ទះវីងដូរលុយកែងផ្សារសំណង់១២ប៉ែកខាងត្បូង)គ្មានផ្លូវដើរ និងបត់យានយន្តរួចទេ សូម មេត្តាជួយមានវិធានការផង ៕ ប្រាថ្នា