ភ្នំពេញ៖ លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ។នេះបើតាមការមន្រ្តីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងមុននេះបន្តិច។ មេបក្សប្រឆាំងរូបនេះធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
ប្រធានគណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ការចាប់ខ្លួនលោក កឹម សុខា នៅពេលនេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕
ដោយ៖ សិលា